រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អុនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបើកបរត្រូវមានការប្រុងប្រយ័ត្ន សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យ ប្រសិនបើបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាព។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យដែលបានចូលរួមប្រកបដោយបរិយាកាសស្និតស្នាល។