រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការ និងនិវត្តជនដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជាទម្លាប់របស់រដ្ឋបាលខេត្តក្នុងមួយឆ្នាំយើងធ្វើការជួបជុំគ្នាពីរដង គឺចូលឆ្នាំខ្មែរ និងបុណ្យភ្ជំបិណ្ឌ ដោយសារតែការងារយើងមានច្រើន ម្យ៉ាងទៀតការជួបជុំគ្នានាពេលនេះ គឺជាការយោគយល់គ្នារវាងថ្នាក់ដឹកនាំខេត្តជាមួយមន្ត្រីរាជការ ក្នុងការបំពេញការងារតាមតួនាទីតាមភារកិច្ចរៀងៗខ្លួនសម្រាប់ការបំរើសេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិបានល្អ ចំពោះលទ្ធផលដែលយើងទទួលបាននាពេលកន្លងមក គឺជាការថ្លែងអំណរគុណចំពោះបងប្អុនរបស់យើងជាមន្ត្រីរាជការ និងនិវត្តជន។
ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ដែលសម្តេចត្រូវបានប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្តបញ្ចកោណតំណាក់កាលទី១ ដែលមតិជាតិ អន្តរជាតិកំពុងមានការសាទរគាំទ្រយ៉ាងផុសផុល ទន្ទឹមនោះរាជរដ្ឋាភិបាលមិនអាចបំភ្លេចចោលបងប្អូនជាមន្ត្រីរាជការ និងនិវត្តនោះទេ ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងនោះក៏មានមន្ត្រីព័ត៌មានរបស់យើងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលថ្មី និងស្នាដៃជាច្រើនរបស់ខេត្តក្នុងបណ្តាញទំនាក់ទំនងសង្គមកាន់តែមានភាពល្អប្រសើរ ហើយថ្ងៃនេះមានសមាភាពច្រើនដែលបានចូលរួមនាពេលនេះ ព្រមទាំងស្នើសុំលើកទឹកចិត្តមន្ត្រីរាជការ និងនិវត្តជនរបស់យើងខិតខំប្រឹងប្រែងបន្តទៅទៀតក្នុងការបំរើសេវាសាធារណ ជូនប្រជាពលរដ្ឋ ដែលជាតម្រូវការកាន់តែច្រើន កាន់តែល្អបន្ថែមទៀត ព្រោះរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញធ្វើទំនើបកម្ម ដូច្នេះតម្រូវការបំរើសេវាសាធារណកាន់តែច្រើនប្រកបមានគុណភាព ប្រសិទ្ធិភាព ឆ្លើយតបតាមតម្រូវការ ព្រោះយើងជាមន្ត្រីមិនមែនជាចៅវាយនាយ យើងជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៤ខាងមុខ យើងនឹងរៀបចំការបោះឆ្នោតៗដង គឺបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនមន្ត្រីរាជការ និវត្តជន មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងម្នាក់ ៤០ម៉ឺនរៀល។