Home / ព័ត៌មានទូទៅ / ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពី

ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពី

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូទីក្រុងស៊ិនជិន ដឹកនាំដោយលោក វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូទីក្រុងស៊ិនជិន និងបានជម្រាបពីភូមិសាស្រ្ត និងសក្តានុពលខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានកំណើនសេដ្ឋកិច្ច ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុមានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ៤.៨៥៧ ដុល្លារអាមេរិក ដែលខ្ពស់ជាងគេក្នុងចំណោមរាជធានី-ខេត្ត និងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៦.៨%។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។ តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ បានសហការធ្វើការជាមួយវិទ្យាស្ថាននគរូបនីយកម្មរៀបចំផែនការទីក្រុងស៊ិនជិន (Urban Planning design Institute of Shenzhen (UPDIS)) ដើម្បីរៀបចំផែនការមេឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ សំដៅផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រងប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ខាងមុខ។
លោក វ៉ាង ហ្ស៊ី នាយកមូលនិធិក្រុងស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណអភិបាលខេត្តដែលបានទទួលគណៈប្រតិភូទីក្រុងស៊ិន ជិនដែលបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ មានឱកាសពិភាក្សា កិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងស៊ិនជិននាពេលខាងមុខបន្តទៀត។ ឆ្នាំនេះជាខួប ១០ឆ្នាំ ស្តីពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាតមួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីន និងជាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូតរវាងប្រទេសចិន និងកម្ពុជា ប៉ុន្មានឆ្នាំមកនេះកិច្ចកាសហប្រតិបត្តិការរវាងវិជ្ជាស្ថានស៊ិនជិន ធ្វើការសិក្សាស្រាវជ្រាវ បានផ្តល់បច្ចេកទេសសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តមួយយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ឆ្លងកាត់រយៈពេល១០ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរបៀបរៀបរយល្អ មានបុគ្គលិក កម្មករធ្វើការកាន់តែច្រើន វាមានភាពប្រហាក់ប្រហែលនឹងទីក្រុងស៊ិនជិនរបស់យើង ដែលស្ថាបនាទីក្រុងពហុបំណង ក្រុងស៊ិនជិនមានបទពិសោធន៍ជាង ៤០ឆ្នាំកន្លងមកហើយ និងស្ម័គ្រចិត្តជួយគិតជាមួយខេត្តព្រះសីហនុ។ ទន្ទឹមនោះទីក្រុងស៊ិនជិន បានដាក់ឱ្យប្រើប្រាស់រថយន្តក្រុងប្រើកម្លាំងព្រះអាទិត្យ ជួយកាត់បន្ថយការបោនបានមុនគេផងដែរនៅក្នុងប្រទេសចិន។
លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ិនជិន មកខេត្តព្រះសីហនុ មានអ្នកវិនិយោគគិន អង្កការ NGO ជាច្រើនរូប ដើម្បីផ្តលឱកាសពិនិត្យសិក្សាទីផ្សារ ដើម្បីនាំមកនូវទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យមកធ្វើវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ យើងមានឱកាសរួមគ្នាគិត រួមគ្នាធ្វើរវាងអ្នកវិនិយោគក្រុងស៊ិនជិន និងអ្នកវិនិយោគខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងស៊ិនជិនសហការរួមគ្នាផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្ត ក្រុងនៃប្រទេសទាំងពីរ ថ្ងៃនេះយើងបាននាំមកនូវអ្នកវិនិយោគជាច្រើនរបស់ទីក្រុងស៊ិនជិន ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧ខេត្ត-ក្រុង មានដូចជា ខេត្តជាំងស៊ូ ខេត្តហៃណាន ទីក្រុងណាននីង និងទីក្រុងអ៊ូស៊ីជាដើម។ ថ្ងៃនេះខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន បានផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្ញុំសូមគាំទ្រចំពោះការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនប្រកបដោយបរិយាកាសស្និតស្នាល។