រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលលោកគ្រូ បានគាំទ្រ កោតសរសើរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពង្រឹងសមត្ថភាពដណ្តើមយកនិទ្ទេស A នៅតាមសាលាវិទ្យាល័យទាំង៩ ក្នុងខេត្តព្រះសីហនុ សូមឱ្យក្មួយខិតខំពេលវេលាកាន់តែកៀកនៃការប្រឡង បង្កើនឱ្យយើងចងចាំ ផ្តល់ការយល់ដឹងមានគុណតម្លៃនៃការប្រឡង ជាការប្រជែងគ្នា ចង់ជាប់ឈានទៅកាន់និទ្ទេស A រដ្ឋបាលខេត្ត នឹងក្រុមការងារនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ០១គ្រឿង សម្រាប់សិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទន្ទឹមនោះយើងក៏កំពុងគិតពីរង្វាន់លើកទឹកចិត្តសម្រាប់លោកគ្រូ អ្នកគ្រូនៅតាមសាលាដែលបានជួយបណ្តុះបណ្តាលសិស្សទទួលបាននិទ្ទេស A។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនៅតែបន្តគិតគូពីការស្នាក់នៅរបស់សិស្សមកពីស្រុកឆ្ងាយឱ្យមានកន្លែងស្នាក់នៅ និងចេញពីប្រឡងមានបាយ ទាក់ទងនឹងការប្រឡង ពេញមុខពេញមាត់ដូចគ្នា ហើយរង្វាន់យើងក៏គិតឱ្យដូចបណ្តាឆ្នាំមុនៗ សង្ឃឹមថា យើងនឹងទទួលបានម៉ូតូជាង ២១គ្រឿង។
ឯកឧត្តម អភិបាល ក៏បានលើកឡើងពីវិស័យអប់រំ និងកីឡាបានរលូន មន្ទីរត្រូវបន្តការយកចិត្តទុកដាក់បំផុសឱ្យសិស្សរបស់យើងចូលរួមក្នុងវិស័យកីឡាក្នុងការចូលរួមការប្រកួតកីឡានៅទូទាំងប្រទេស ឆ្នាំនេះយើងបានបញ្ជូនសិស្សរបស់យើងទៅចូលរួមការប្រកួតកីឡាថ្នាក់ខេត្ត និងរាជធានីភ្នំពេញលើវិញ្ញាសារមួយចំនួន សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជម្រុញវិស័យកីឡានៅគ្រប់កម្រិតសិក្សា ដើម្បីពង្រីកបរិមាណសិស្សចូលរួមការប្រកួតកីឡាឱ្យបានកាន់តែច្រើននូវគ្រប់វិញ្ញាសារ។
ឯកឧត្តម បានបញ្ចាក់ថា ទាក់ទងបរិយាកាសកើតមានសកម្មភាពក្មេងទំនើងមួយចំនួនក្នុងបណ្តាញសង្គម ក្នុងនោះខេត្តរបស់យើងមានពីរករណី ដែលក្រុមក្មេងបានបង្កើតជាក្រុម Telegram ណាត់វាយគ្នា យើងក៏បានប្រមូលពួកគេទាំងពីរក្រុមយកមកធ្វើការអប់រំណែនាំ ហើយឱ្យអាណាព្យាបាលធ្វើកិច្ចសន្យាទទួលយកទៅផ្ទះវិញ និងសូមផ្តាំផ្ញើថា មិនអនុញ្ញាតឪ្យមានក្មេងទំនើងនោះទេ សិស្សមិនមករៀនមិនគ្រប់គ្រាន់មិនត្រូវលប់ឈ្មោះសិស្សចេញពីសាលា បើមានបញ្ហាយើងត្រូវខិតខំធ្វើការអប់រំ នេះជាគុណធម៌ ព្រោះនេះជាភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងសហគមមូលដ្ឋាន ដើម្បីតម្រង់ទិសអប់រំកែប្រែឡើងវិញ និងសូមជូនពរឱ្យសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣ ជាប់ទាំងអស់គ្នា។