ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគោល (Blueprint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ២០៥០។ កម្ពុជាបាន សម្រេចនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោមការដឹកនាំដ៏ប៉ិនប្រសប់ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ កាលពីចុងឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាព ស្ថិរភាព និងឯកភាពជាតិ និងទឹកដីពេញលេញ ដែលជាបុព្វលក្ខខណ្ឌ ចាំបាច់នៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ជាមធ្យមក្នុងមួយឆ្នាំក្នុងរយៈពេល ៧% ប្រមាណ ២ទស្សវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះជំរុញឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មនុស្សម្នាក់កើនពី ២៥៣ដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ ១៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ កាត់បន្ថយភាពក្រីក្រមកស្ថិតក្នុងរង្វង់ប្រមាណ ១៧,៨% ក្នុងឆ្នាំ២០២០ និងរុញកម្ពុជាឱ្យចាកផុតពីប្រទេសមានចំណូលកម្រិតទាបនៅឆ្នាំ២០១៦។ ឈរលើមូលដ្ឋានគ្រឹះប្រកបដោយសុទិដ្ឋិនិយមខាងលើ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដើម្បីសម្រេចបាននូវមហិច្ឆតានេះ កម្ពុជាត្រូវបន្តនូវកំណើនសេដ្ឋកិច្ចខ្ពស់រឹងមាំប្រកបដោយភាពធន់ និងបរិយាប័ន្ន ក្នុងបរិបទសកល ដែលផ្លាស់ប្តូរឥតឈប់ឈរ និងបដិវត្តន៍ឧស្សាហកម្មទីបួន។ ក្នុងន័យនេះ ការបន្តអនុវត្តកំណែទម្រង់នានា នឹងបន្តមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានចាត់ទុកជាកម្មវិធីកែទម្រង់ស្នូលមួយ និងជាឆ្អឹងខ្នង នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ និងចីរភាព កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់។
ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី បានបន្តថា សិក្ខាសាលានេះ មានគោល បំណងចូលរួមពង្រឹងការគ្រប់គ្រង និងកិច្ចបញ្ជីកាគណនេយ្យរយៈពេលវែងរបស់រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈឱ្យកាន់តែល្អប្រសើរក្នុងអំឡុងពេលអន្តរកាលក្នុងការផ្លាស់ប្តូរពីប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់ ទៅជាគណនេយ្យសាធារណៈមូលដ្ឋានបង្គរ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។ ពិសេសពិភាក្សា និងប្រមូលធាតុចូលបន្ថែមដោយក្រុមការងារ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធពីអាជ្ញាធរកាន់កាប់ទ្រព្យ សម្បត្តិរដ្ឋមួយចំនួនមានដូចជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាផ្នែកមួយនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាបច្ចុប្បន្នឱ្យឈានឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ស្របតាមស្តង់ដារឧត្តមានុវត្តន៍អន្តរជាតិ។ កន្លងមកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជាតួអង្គសំខាន់មួយក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដោយសម្រេចបានលទ្ធផលធំៗជាច្រើនក្នុងក្របខណ្ឌកម្មវិធីកែទម្រង់នេះ ដូចជាច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុក្រឹត្យស្ដីវិធាននិងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អនុក្រឹត្យស្តីពីការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រៀបចំរួចរាល់នូវសេចក្ដីព្រាងនៃផែនការគោល ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ច រៀបចំនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពន្ធ ប្រព័ន្ធ E-Payment ជាដើម។