រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ព្រះរាជអាជ្ញា តំណាងស្នងការ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រៀងញៀននៅខេត្តព្រះសីហនុ មិនមានការថមថយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំ និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុកត្រូវបន្តយកចិត្តទុកដាក់ធ្វើរដ្ឋបាលចំហរនៅតាមទីតាំងសង្ស័យថា មានក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីប្រមូលពួកគេធ្វើតេស្តរកសាធាតុញៀន ប្រសិនរកឃើញយកមកធ្វើការព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍នៅមជ្ឈមណ្ឌល។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរនៅតាមទីតាំងដែលមានការរស់នៅប្រមូលផ្តុំមិនមានភាពច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការប្រ មូលយកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីផ្តាច់ឬសគល់អ្នកញៀនគ្រឿងញៀន ទន្ទឹមនោះត្រូវចុះត្រួតពិនិត្យអ្នកបើកបររថយន្ត ពិសេសអ្នកបើកបររថយន្តធុនធំ ប្រសិនរកឃើញមានសារធាតុញៀនយកមកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត។
ឯកឧត្តម អភិបាលខេត្ត អ្នកញៀនថ្នាំទាំងឡាយ សូមប្រញ៉ាប់ទៅទទួលសេវាបន្សាប ព្យាបាលដោយស្ម័គ្រចិត្តនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដោយខ្លួនអាចរស់នៅក្នុងផ្ទះ ហើយក្រុមគ្រួសារ ត្រូវជួយមេីលថែ។ តែបេីដេីរចេញក្រៅ បន្តការប្រេីប្រាស់សារធាតុញៀន ឬបង្ករបញ្ហាដល់សង្គម សូមប្រិយមិត្តរាយការណ៍មកអាជ្ញាធរភូមិ ឃុំសង្កាត់ជាបន្ទាន់ ដេីម្បីមានវិធានការបង្ខំអ្នកញៀនមកទទួលសេវានៅមណ្ឌល ដែលផ្តល់ការបន្សាប ការព្យាបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដាច់ខាត។ ធ្វេីបែបនេះបាន នោះអ្នកនឹងគេចផុតពីភាពជាទាសករគ្រឿងញៀន។
ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានបញ្ជាក់ថា ឯកឧត្តមបានផ្តល់ដី២០ហិកតា ឱ្យទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ព្រមទាំងមានការជួយឧបត្ថម្ភជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ហើយនៅពេលពួកគាត់បានព្យាបាល និងស្តារនីតិសម្បទាគ្រៀងញៀនហើយ អាចចូលបណ្តុះបណ្តាលវិជ្ចាជីវៈ ផ្នែកកសិកម្មនៅសាលារបស់ឯកឧត្តមដោយមិនបង់ប្រាក់ទទួលបានអាហារ ៣ពេល និងទទួលឱ្យបំរើការងារនៅក្នុងការដ្ឋានមានដូចជា ចំការកៅស៊ូ ចំការដូងប្រេង និងមានកន្លែងការងារជាច្រើនផ្សេងទៀតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។
លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ មកដល់បច្ចប្បុន្ន មណ្ឌលទទួលជនរងគ្រោះចំនួន ១,០៤៧នាក់ ស្រី ៤១នាក់ បានធ្វើសមាហរណកម្មអ្នកជាសះស្បើយគ្រៀងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារ ៥១៥នាក់ ស្រី១២នាក់ បច្ចុប្បន្ននៅសល់ចំនួន ៥៣៥នាក់ ស្រី២៩នាក់ ក្នុងនោះជនរងគ្រោះមកពីខេត្តព្រះសីហនុចំនួន ១៧៩នាក់ ស្រី ១៣នាក់ និងមកពីបណ្តាខេត្តនានា ក្នុងនោះមជ្ឍមណ្ឌលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ មានដាំបន្លែ ជួសជុលម៉ាស៊ុនត្រជាក់ ផ្នែកតបណ្តាញអគ្គិសនី ផ្សារដែក ជាងកំបោជាដើម។
ក្នុងឪកាសនោះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយសម្តេចតេជោអង្ករចំនួន ៣០តោន ជូនមជ្ឈមណ្ឌល និងថវិកាសម្តេចតេជោ ជូនបុគ្កលិកចំនួន ៤៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល។ ឯកឧត្តម ម៉ុង ឬទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល និងថវិកា ១ ០០០ដុល្លាអាមេរិក។ លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ មីយើង ១០០កេស ត្រីខ ១០០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យួរ នំធុង ១០២ធុង ទឹកដោះគោខាប់ ៤៨០កំប៉ុង និងថវិកា ១០លានរៀល។