ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី អញ្ជើញធ្វើការអប់រំក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរ និងអាណាព្យាបាល នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។
ក្រុមក្មេងទំនើងចំនួន ១៦នាក់ ស្រី ១នាក់ មកពីក្រុម BT ចំនួន ៩នាក់ ក្រុម SMR ចំនួន ១នាក់ និងអត់មានក្រុម ចំនួន ៦នាក់ មានអាយុចាប់ពី ១១ឆ្នាំ ដល់ ១៧ឆ្នាំ ជិះម៉ូតូ ៧គ្រឿង មកពីក្រុងព្រះសីហនុ បង្កហឹង្សាសងសឹក ជិះម៉ូតូចូលសាលាអនុវិទ្យាល័យទំនប់រលកថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពហឹង្សាយកមួកសុវត្ថិភាព វាយសិស្សសាលាចំនួន ២នាក់ បណ្តាលរងរបួស ស្រាល ពកក្បាល និងខូចខាតម៉ូតូ១គ្រឿង។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងដែលបានប្រព្រឹត្តអំពើហឹង្សាក្នុងសាលា ដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុសឆ្គងបង្កភាពអាម៉ាស់ដល់ឪពុក ម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេសជាតិ និងខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឱ្យក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឱ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចជាកិត្តិយសក្រុមគ្រួសារផងដែរ យើងត្រូវគិតឱ្យច្បាស់មុននឹងធ្វើអ្វីមួយ ហើយសកម្មភាពដែលក្មួយបានធ្វើជាអំពើដែលសង្គមស្អប់ខ្ពើមមិនអាចទទួលយកបាន។
ឯកឧត្តម អភិបាលខេត្តស្តីទី បានបញ្ជាក់ថា ឪពុកម្តាយឱ្យក្មួយចូលសាលា ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ ការបង្កើតក្រុមត្រូវជ្រើសរើសក្រុមដែលមានភាពត្រឹមត្រូវ រួមគ្នាសិក្សាអ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះដែលជាផលប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍប្រទេសរបស់យើង មិនត្រូវបង្កើតក្រុមដើរបង្កអសន្តិសុខដល់សង្គមនោះទេដែលគេស្អប់ខ្ពើម ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯងគ្រួសារ និងសង្គមជាតិ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តស្តីទី ស្នើឱ្យអាណាព្យាបាល នាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិនបើមិនចូលសាលាត្រូវរាយការ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត និងឱ្យអាណាព្យបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ ប្រសិននៅពេលក្រោយនៅតែបង្កអសន្តិសុខទៀត និងមិនមានការលើកលែងអនុគ្រោះ គឺត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមរម្លឹកថា ក្រុមក្មេងទំនើងមាន៤ក្រុម ១ក្រុម TL ២ក្រុម BT ៣ក្រុម JS (ចាក់ស្លុយ) ៤ក្រុម SMR ក្រុមទាំងនេះមានការចងសម្ព័ន្ធតាមរយៈFacebook។