ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច 45 COM 88.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួននៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា កេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណឆោកគគ៌រ្យ ឬលិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នៃរដ្ឋសភា បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញ រាជធានី ខេត្ត គ្រប់ក្រុងស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ ព្រមទាំងសូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគងទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោ បាយដែលខ្លួនមាននៅម៉ោង ០៧និង០០នាទីព្រឹកនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម ព្រមទាំងសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ដូចករណីមុនៗដែរការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនជាពិសេស ការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ដំណើរការដ៏ស្វិតស្វាញនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ បញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជាជាពិសេស សម្រេចឱ្យបាននូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងការពង្រឹងមោទកភាពជាតិ។ ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម៉្លេះ ឆ្លងកាត់ការរៀបចំត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការអន្តរជាតិរហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ មុននឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦កន្លងទៅ បានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១ ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការ អន្តរជាតិនៃក្រុមប្រឹក្សា អន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋានប្រាសាទកោះកេរកាលពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយកនូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួននៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកសម្រេចចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។