នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីនៃរដ្ឋបាលក្រុង-ស្រុកចូលរួមសិក្ខាសាលា «បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីហិរញ្ញវត្ថុ សម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង-ស្រុក» ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួង និងអគ្គនាយកដ្ឋានពាក់ព័ន្ធសរុបចំនួនប្រមាណ ៦០០ នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម។
ក្នុងឱកាសនោះ តំណាងរដ្ឋបាលក្រុងព្រះសីហនុក៏បានចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុងព្រះសីហនុផងដែរ។