Home / ព័ត៌មានទូទៅ / លោកប្រាក់ វិសាល និងកញ្ញា ស្រ៊ុន ស្រីនាង បានអញ្ជើញទទួលជួប និងធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគ ក្នុងខេត្តព្រះសីហនុជូនគណ:ប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)

លោកប្រាក់ វិសាល និងកញ្ញា ស្រ៊ុន ស្រីនាង បានអញ្ជើញទទួលជួប និងធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគ ក្នុងខេត្តព្រះសីហនុជូនគណ:ប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តការអន្តរជាតិ និងកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួប និងធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគ ក្នុងខេត្តព្រះសីហនុជូនគណ:ប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)ដែលដឹកនាំដោយលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក Jeong Marn-ki អនុប្រធានសមាគម KITA និងលោក JIN Yeom-sung អគ្គលេខាធិការសមាគមនៃការអភិវឌ្ឍឧបទ្វីបកូរ៉េ នៅរដ្ឋបាលខេត្តព្រះសីហនុ។
បន្ថែមពីលើ សក្តានុពលនៃការវិនិយោគរបស់ខេត្ត កញ្ញាប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងនៅក្នុងខេត្ត។
បន្ទាប់ពីបទបង្ហាញ រដ្ឋបាលខេត្តក៏បានសម្របសម្រួលជូនគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពី​ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ ផែស្វយ័តក្រុងព្រះសីហនុ​ និងទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រមទាំងគម្រោងអភិវឌ្ឍទីក្រុងនៃពន្លឺ (bay of light) ផងដែរ។
ជាលទ្ធផល គណៈប្រតិភូកូរ៉េបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ដោយបានមើលឃើញយ៉ាងច្បាស់ពីគោលនយោបាយលើកទឹកចិត្ត ព្រមទាំងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ និយាយជារួមនិងដោយឡែក។