នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ធនាគារប៊ូយ៉ុង ខ្មែរ សាខាក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ឯក សុផុន នាយកសាខាធនាគារគារជាតិកម្ពុជា សាខាខេត្តព្រះសីហនុ នៅធនាគារប៊ូយ៉ុងខ្មែរ សាខាក្រុងព្រះសីហនុ។
លោក គីម យ៉ុគ ជុន (Kim Hyuk-jun) អគ្គនាយកធនាគារប៉ូយ៉ុងខ្មែរ បានលើកឡើងថា តាមរយៈការផ្តួចផ្តើមរបស់លោកបណ្ឌិតលី ជុងគឿន (Lee Joong-keun) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនប៊ូយ៉ុង គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុន បានសម្រេចចិត្តបើកសាខានៅខេត្តព្រះសីហនុ ដោយមើលឃើញថា ខេត្តនេះមានសក្តានុពលយ៉ាងច្រើនលើសលប់ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្ម ដែលគាំទ្រដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សម្បូរបែប ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងអាកាសយានដ្ឋានអន្តរជាតិជាដើម។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុង គ្រុប ចំពោះការផ្តល់ទំនុកចិត្ត និងជ្រើសរើសយកខេត្តព្រះសីហនុជាទីតាំងវិនិយោគ និងប្រតិបត្តិអាជីវកម្មរបស់ខ្លួន។ លោកបានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជាយើង ត្រូវបានមហាសន្និបាតអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FATF) សម្រេចដកចេញពីបញ្ជីប្រផេះរបស់ខ្លួន ការបើកដំណើរការសាខាថ្មីនៃធនាគារប៊ូយ៉ុង ខ្មែរ នាឱកាសនេះ គឺជាសមិទ្ធផលដ៏វិសេសវិសាលថ្មីមួយទៀត និងជាសក្ខីភាពដែលបង្ហាញឱ្យឃើញនូវមុខមាត់ នៃការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តព្រះសីហនុ នៃការវិនិយោគពីបរទេស និងការវិនិយោគវិស័យឯកជន ជាពិសេសបង្ហាញឱ្យឃើញអំពីការជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេស ព្រមទាំង
វិនិយោគិនកូរ៉េ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិរាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងមាគ៌ាដឹកនាំប្រកបដោយចក្ខុវិស័យដ៏ស្រួចស្រាល់និងស្វាហាប់ នៃរាជរដ្ឋាភិបាលកម្ពុជា
នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។