ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្រ្តីមេម៉ាយចំនួន ១៩២គ្រួសារ មកពីឃុំអូរបាក់រទេះចំនួន ១២៨គ្រួសារ និងឃុំកំពង់សីលា ៦៤គ្រួសារ ពីធីចែកអំណោយនេះធ្វើនៅបរិវេណវត្តព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបញ្ជាក់ថា ថ្ងៃនេះយើងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារនិងថវិការបស់សមាគមកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ឃុំក្នុងស្រុកកំពង់សីលា ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្តីពីខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ទន្ទឹមនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអគុណបងប្អូនប្រជាពលរដ្ឋតាម នៃការវិវឌ្ឍសង្គមជាតិ ដែលបងប្អូនគាំទ្រសុខសន្តិភាព ក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបងប្អូនបានចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមតិជាតិ អន្តរជាតិបានធ្វើការវាយតម្លៃថា កម្ពុជាបានជ្រើសរើសមេដឹក ដែលមានវ័យក្មេង ដឹកនាំប្រកបដោយគំនិតឆ្នៃប្រឌិតផ្តល់ឱ្យសង្គមជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពរលដ្ឋយើងនៅទូទាំងប្រទេស។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណតំណាក់កាលទី១ ពោរពេញដោយគោលនយោបាយគាំពារសុខមាលភាពសង្គម និងដោះស្រាយបញ្ហាប្រឈមនានា ជាក់ស្តែងគោលនយោបាយគាំពារសង្គមជាអាទិភាពជូនប្រជាពលរដ្ឋរបស់យើង និងផ្តល់អត្ថប្រយោជន៍ជាច្រើនមានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គោលនយោបាយប្រាក់សោធននិវត្តន៍ ពិសេសកម្មករ និយោជិកធ្វើការនៅក្នុងប្រព័ន្ធ ពិសេសប្រជាពលរដ្ឋក្រីក្រ នៅពេលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ទៅពិនិត្យផ្ទៃពោះ តម្រូវឱ្យទៅពិនិត្យឱ្យបាន ៤ដង ដល់ពេលសម្រាលកូន រហូតកុមារអាយុពីរឆ្នាំ ត្រូវទៅសុខភាពចំនួន ១០ដង និងទទួលបានថវិការ ៧៦ម៉ឺនរៀល ហើយចាប់ពីខែសីហា ឆ្នាំ២០២៣នេះ ស្ត្រីមានផ្ទៃពោះ រហូតកុមារអាយុពីរឆ្នាំទទួលបានថវិការទ្វេដង គឺបានរហូតដល់ ១ ៥២០ ០០០រៀល ដើម្បីឱ្យម្តាយ និងកុមារមានសុខភាពល្អ កាត់បន្ថយគ្រោះថ្នាក់របស់មាតា និងទារក រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពដល់កម្មករ កម្មការិនីដែលធ្វើការក្នុងប្រព័ន្ធ បានចុះបញ្ជីនៅ (ប.ស.ស) ទទួលបានអត្ថប្រយោជន៍ចំនួន៣ មានដូចជា ១.ធានារ៉ាប់រងផ្នែកសុខភាព ២.ធានារ៉ាប់រងពេលគ្រោះថ្នាក់ការងារ ទី៣.ប្រាក់សោធននិវត្តន៍ ដូច្នេះបងប្អូនត្រូវខិតខំបណ្តុះបណ្តាលកូនចៅរកការងារធ្វើនៅតាមរោងចក្រ សហគ្រាស នៅក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ច្រើនផងដែរនាពេលបច្ចុប្បន្ន។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមបានកោតសរសើរ សិស្សានុសិស្ស ស្រុកកំពង់សីលា មានសេចក្តីក្លាហានបានទៅចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្ត និងបន្តទៅរាជធានីភ្នំពេញទទួលបានចំណាត់ ថ្នាក់ល្អ សូមលោកឪពុក អ្នកម្តាយទាំងអស់ជម្រុញឱ្យកូនចៅខំតខំសិក្សារៀនសូត្រ បណ្តុះបណ្តាលនូវជំនាញ ហើយចាប់យកឱកាសកាងារ ព្រោះខេត្តព្រះសីហនុ មានការងារជាច្រើននៅតាមរោងចក្រ សហគ្រាស ដែលទាមទាឱ្យយើងមានចំណេះដឹង ជំនាញពិតប្រាកដ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បាននាំយកអំណោយស្បៀងអាហារសម្ភារ និងថវិការបស់សម្កេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយចំនួន ១៩២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថិវកា ៥ម៉ឺនរៀល។