ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តព្រះសីហនុនៅមានកង្វះកម្លាំងពលកម្ម ចំនួនបុគ្គលិក កម្មករមិនមែនជាកូនចៅរបស់ប្រជាពលរដ្ឋអ្នកខេត្តព្រះស៊ីហនុ យើងស្រូបយកកម្លាំងពលកម្មក្នុងស្រុកមិនគ្រប់គ្រាន់ ស្រូបយកយុវជនមកពីបណ្តារាជធានី ខេត្តផ្សេងៗជាច្រើន ម្យ៉ាងទៀតមកពីចំណេះដឹង បទពិសោធន៍ការងារ ហើយមានកន្លែងការងារជាច្រើនសម្រាប់កូនចៅប្រជាពលរដ្ឋ ដូច្នេះខិតខំចាប់យកឱកាសសិក្សារៀនសូត្រ ឈ្វេងយល់ពីតម្រូវការទីផ្សារការងារដែលមាននៅទីនេះ មានដូចជារោងចក្រអគ្គិសនី ស្រូបយកកម្លាំងពលកម្មជាង ១ ០០០នាក់ ជាក់ស្តែងជាអ្នកមកពីចម្ងាយ ដូច្នេះត្រូវតម្រង់ទិសកូន ចៅឱ្យរៀនសូត្រលើវិស័យអគ្គិសនី យើងត្រូវមានចំណេះ ជំនាញផ្នែកអគ្គិសនីចូលបំរើការងារនៅក្នុងរោងចក្រអគ្គិសនីនៅទីនេះ យើងចង់បង្កើតការងារជូនកូនចៅរបស់យើង ដោយសារយើងមិនបានបណ្តុះបណ្តាលជំនាញស្របតាមភូមិសាស្ត្រ ចំពោះមុខសូមឱ្យអ្នកស្ទឹងហាវ តម្រង់ទិសកូនចៅរបស់យើងស្របតាមការអភិវឌ្ឍនៅទីនេះ ជាតំបន់ឧស្សាហកម្ម (អគ្គិសនី) កូនចៅត្រូវរៀនសូត្រស្របតាមតម្រូវការទីផ្សារទទួលបានប្រាក់ខែច្រើនមានស្ថេរភាព អត្តប្រយោជន៍វែងឆ្ងាយ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រោះបងប្អូននៅទីនេះជាប្រជានេសាទ ហើយការធ្វើនេសាទទទួលបានផលសម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្តែក្នុងរដូវនេះ វាមានព្យុះ ភ្លៀង មានពេលខ្លះមិនអាចចេញទៅនេសាទបាន ដោយផ្អែកលើស្ថានភាពអាកាសធាតុធ្វើឱ្យប៉ះពាល់ផលរបរបស់បងប្អូន។ ថ្ងៃនេះបាននាំយកជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិបណ្ឌិតផ្តល់ជូនបងប្អូនមកពី ៣ឃុំ ស្មើនឹង ៥៧២គ្រួសារ ។
ឯកឧត្តម បានបន្តថា កាលពីម្សិលមិញរដ្ឋសភាបានបើកកិច្ចប្រជុំនីតិកាលថ្មី ក្រោមអធិបតីភាពសម្តេចព្រះកុរុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយល្ងាចម្សិលមិញសមាជិករដ្ឋសភាទាំង ១២៥រូប បានចូលស្បថសច្ចាប្រណិធាននៅចំពោះព្រះភកព្រះអង្គ ព្រះមហាក្សត្ររួច រាល់ហើយ ព្រឹកនេះដំណើការនៃកិច្ចប្រជុំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតគាំទ្រសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាព្រឹត្តិការថ្មីរបស់កម្ពុជា ក្នុងនាមអាជ្ញាធរដែនដី លទ្ធផលកិច្ច ប្រជុំរដ្ឋសភា ជាសមិទ្ធផលដែលបងប្អូនបានចូលរួមតាមរយៈការបោះឆ្នោតនាពេលកន្លងមក។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គោលដៅជម្រុញការអភិវឌ្ឍ វិនិយោគ ទាក់ទាញទេសចរណ៍ និងឧស្សាហកម្ម បង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ច ១១កន្លែង ៤កំពុងដំណើរការ ១.តំបន់សេដ្ឋកិច្ចពិសេសស្រុកស្ទឹងហាវ ២.តំបន់សេដ្ឋកិច្ចបិតត្រាំង ៣.ជីចាំង ៤.ក្រុងព្រះសីហនុ ហើយតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមានកម្មករជាង ៣ម៉ឺននាក់ និងជីចាំងជាង ១ម៉ឺននាក់ ចំណែកអ្នកធ្វើការនៅកណ្តាលក្រុងមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ មានប្រមាណ ២ម៉ឺននាក់ ខេត្តព្រះសីហនុ មាន បុគ្គលិក កម្មករ កម្មការិនីប្រមាណ ៦៧ ០០០នាក់បំរើការងារ។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ប្រាក់សោធន៍និវត្ត ដែលរោងចក្រសហគ្រាសបានចុះបញ្ជីទទួលបានបណ្ណ ប.ស.ស ក្រៅពីប្រាក់ខែ កម្មករ កម្មការិនីទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធននិវត្តនៅពេលចាស់ កន្លងមកអ្នកទទួលបានប្រាក់សោធននិវត្តមានតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយចាប់ពីឆ្នាំ២០២៣នេះ បងប្អូនបុគ្គលិក កម្មករ កម្មការិនីដែលធ្វើការនៅរោងចក្រ សហគ្រាសដែលបានចុះបញ្ជី ប.ស.ស និងទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្ត នេះជាការគិតគូររបស់រាជរដ្ឋាភិបាលឱ្យកម្មករ កម្មការិនីទទួលបានប្រាក់សោធននិវត្តនៅពេលចាស់អាយុ ៦០ឆ្នាំ ទន្ទឹមនោះយើងត្រូវខិតខំជម្រុញកូនចៅរបស់យើងធ្វើការងារនៅក្នុងប្រព័ន្ធ នេះដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ជម្រុញដំណើការសេដ្ឋកិច្ចសង្គមឱ្យមានការអភិវឌ្ឍ ដូច្នេះយើងត្រូវចាប់យកឱកាសនេះ ពិសេសអ្នកស្រុកស្ទឹងហាវ ការស្វះស្វែងរកការងារនៅមានចំនួនតិច សូមខិតខំលើកទឹកចិត្តបណ្តុះបណ្តាលកូនចៅសម្រាប់ស្ថេរភាពរស់នៅចំពោះមុខ និងអនាគតនាពេលខាងមុខ។
ឯកឧត្តម គួច ចំរើន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋក្រីក្រ ៥៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ ទឹកសុទ្ធ១កេស ឃីត១កញ្ចប់ (សារុង១ ក្រមា១ ភួយ១ មុង១) និងថវិកា ៥ម៉ឺនរៀល ។