Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមដឹកជញ្ជូនទេសចរណ៍ជលយាន្ត និងម្ចាស់អាជីវកម្មក្នុងខេត្ត។

តាមលិខិតបេសកកម្មលេខ ០៦១សហវ.អទច ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ក្នុងនោះ ១.ចំណតរថយន្តស្រុកព្រៃនប់ ២.សត្តឃាតដ្ឋាន ក្រុងព្រះសីហនុ ៣.ផ្សារវាលរេញ ៤.គ្រប់គ្រងធ្វើអាជីវកម្មបន្ទប់ទឹកសាធារណៈឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ៥.ចំណតរថយន្តក្រុងព្រះសីហនុ ៦.ការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។ ក្នុងនោះបងប្អូនអាជីវករបានសន្យាធ្វើការកែលម្អចាក់សាបនៅទីតាំងរបស់ខ្លួន និងរៀបចំឯកសារផ្ទេសិទ្ធិគ្រប់គ្រងអាជីវកម្មភាស៊ីសត្តឃាតដ្ឋានឱ្យស្របតាមនីតិវិធី។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យអ្នកវិនិយោគត្រូវសហការឱ្យបានល្អជាមួយមន្ទីរជំនាញពាក់ព័ន្ធ តាមកិច្ចសន្យា និងសៀវភៅបន្ទុក និងត្រូវជួសជុល និងថែទាំជាប្រចាំទីតាំងរបស់ខ្លួនរហូតដល់ចប់កិច្ចសន្យា ដោយឡែកចំពោះចំណតរថយន្តក្រុងព្រះសីហនុ ឱ្យរៀបចំធ្វើការដេញថ្លៃគ្រប់គ្រងសម្រាប់ឆ្នាំ២០២៤ខាងមុខ ទន្ទឹមនោះយើងត្រូវរៀបចំកសាងផែនៅលើកោះមានដូចជា ផែទេសចរណ៍កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីបំរើឱ្យការដឹកជញ្ជូនភ្ញៀវទេសចរណ៍ឱ្យមានភាពកក់ក្តៅ ដោយសារបច្ចុប្បន្នយើងមានកំពង់ផែទេសចរណ៍នៅលើដីគោក ដែលវិនិយោគដោយអ្នកឧកញ៉ា ទៀ វិចិត្រ យើងក៏ត្រូវរៀបចំផែទេសចរណ៍អន្តរជាតិសម្រាប់ភ្ញៀវទេសចរណ៍តាមនាវាទេសចរណ៍បរទេសដែលនាំភ្ញៀវចូលចត ទស្សនកិច្ចនៅខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត ឱ្យរៀបចំបង្កើតគណៈកម្មការចំនួនពីរ ក្នុងនោះ គណៈកម្មការចុះពិនិត្យការកែលម្អទីតាំងរបស់បងប្អូនអាជីវកម្មខាងលើ និងគណៈកម្មការមួយទៀត គឺកែលម្អកំពង់ផែទាំងនៅលើគោក និងនៅដែនកោះជាការប្រមូលផ្តុំ ដើម្បីបំរើសេវាទេសចរណ៍ឱ្យមានសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរនាពេលខាងមុខ។