ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុផ្ដល់កិច្ចសម្ភាសន៍ជូនក្រុមការងារខេត្តជាំងស៊ូ ដើម្បីចូលរួមអបអរខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសកម្ពុជា និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់ និងផ្លូវ” (BRI)។
លោកអភិបាលរង បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ថា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខេត្តព្រះសីហនុតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការរបស់ចិន ដូចជា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការបង្កើនចំនួនជើងហោះហើរពីបណ្តាខេត្ត និងទីក្រុងមួយចំនួននៃប្រទេសចិនហោះត្រង់មកកាន់ខេត្តព្រះសីហនុ, កំណើនវិនិយោគិនជនជាតិចិន និងជនជាតិដទៃទៀតជាច្រើនមកបណ្តាក់ទុនរកស៊ីលើវិស័យឧស្សាហកម្មជាក់ស្តែងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាតំបន់សេដ្ឋកិច្ច ពិសេស SSEZ, ចឺជាំង, ក្រុមហ៊ុនផលិតថាមពលដើរដោយធ្យូងថ្ម និងកំពង់ផែសមុទ្រ…ជាដើម។ ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុកំពុងទទួលបានវិនិយោគិនបរទេសជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
គួររំលឹកថា ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នៅឆ្នាំ២០១៦ ហើយកម្ពុជាក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ជាសមាជិកនៃគំនិតផ្តួចផ្ដើមមួយនេះ កម្ពុជាត្រូវបានមើលឃើញទាញបានប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ជាសត្យានុម័ត ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” មានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និងGDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត ២,២% ក្នងឆ្នាំ១៩៩០ វាបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់១២០% នៅពេលដែលកម្ពុជាចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅឆ្នាំ២០១៤ ហើយវាបានកើនខ្ពស់បំផុតប្រមាណ ១៣០% នៅឆ្នាំ២០១៩។
ចាប់ពីឆ្នាំ ពី២០១៦មក ប្រទេសចិន គឺជាប្រភពនាំមុខគេសម្រាប់ ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ការវិនិយោគរបស់ចិនមាននៅគ្រប់វិស័យទាំងអស់ រួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ កំពង់ផែសមុទ្រ ព្រលានយន្តហោះ វារីអគ្គិសនី អចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម គ្រឿងបង្គុំអគ្គិសនី រ៉ែ និងទេសចរណ៍។