ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីប្រគល់ ទទួលគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តាងនាមឱ្យរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតិឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការអភិវឌ្ឍក្រុងព្រះសីហនុ។ សមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលខេត្តទទួលបានគឺស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ និងធ្វើការប្រគល់ ទទួលនាថ្ងៃនេះ។ ស្របនឹងភូមិសាស្ត្រ កត្តាសេដ្ឋកិច្ច ខេត្តព្រះសីហនុ មានសក្តានុពល ដោយសារយើងមានឆ្នេរសមុទ្រ ជាជីវិតរបស់អ្នកក្រុងព្រះសីហនុ បើឆ្នេរយើងខូចដោយសារបរិស្ថាន វាមានផលប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គម ហើយសមិទ្ធផលនេះវាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរការអភិវឌ្ឍខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ផ្តើមចេញពីស្ថានីយទឹកកខ្វក់នេះ គឺយើងមានសមត្ថភាពកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏ប៉ុន្តែបណ្តាញគ្រប់គ្រងវេចខ្ចប់ទឹកកខ្វក់ពីតាមលំនៅឋានចូលមកស្ថានីយប្រព្រឹត្តកម្ម គឺនៅមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ដូច្នេះយើងត្រូវការពេលវេលាកសាងប្រព័ន្ធវេចខ្ចប់ទឹកកខ្វក់នៅតាមលំនៅឋានបន្តទៀត។ ហើយនៅចុងឆ្នាំ២០២៣នេះ និងដើមឆ្នាំ២០២៤ យើងបានតម្រង់ទិសកញ្ចប់ថវិកាខេត្តទៅរកការវេចខ្ចប់ទឹកកខ្វក់ ហើយអ្វីដែលសំខាន់នៅចុងឆ្នាំ២០២៣នេះ យើងត្រូវធ្វើផែនទីវេចខ្ចប់ទឹកកខ្វក់នេះជាមុនសិន។
ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថានីយទឹកកខ្វក់ទី៣ នេះជាស្ថានីយដែលធំជាងគេនៅកម្ពុជា ដើម្បីបំរើផលប្រយោជន៍បរិស្ថាន ចូលរួមកាត់បន្ថយទឹកកខ្វក់ចូលទៅសមុទ្រ។
សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ក្នុងនោះមានដូចជា៖ ស្ថានីយទី១ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃចំនួន ៥,២០០ម៉ែត្រគូប ស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៧,២០០ម៉ែត្រគូប និងស្ថានីយទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។