Home / ព័ត៌មានទូទៅ / ឯកឧត្តម ហេង ណន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ឯកឧត្តម ហេង ណន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងពីសិក្ខាសាលាបង្កើនសមត្ថភាព ចំណេះដឹងកាន់តែច្រើនសម្រាប់សិស្សានុសិស្សខេត្តព្រះសីហនុ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំសិក្ខាសាលានេះឡើង សម្រាប់ឱ្យសិស្សថ្នាក់ទី១០ មានឱកាសជ្រើសរើសចាប់យក និងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សាសម្រាប់ឆ្នាំខាងមុខមានដូចជា ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម ហើយយើងចាប់ផ្តើមជ្រើសរើសតម្រង់ទិស ដើម្បីត្រៀមខ្លួនសម្រេចចិត្តចាប់យកមុខវិជ្ជា ដូច្នេះយើងត្រូវសម្រេចចិត្តជ្រើសរើសយកឱកាសនេះ សូមឱ្យក្មួយគិតគូរឱ្យបានល្អចាប់ពីថ្នាក់ទី១០នេះទៅ បង្កើនសមត្ថភាពសិក្សាឱ្យបានពេញលេញ និងឈានទៅចាប់យកឱកាសការងារនៅពេលខាងមុខ ដើម្បីធានាបាននូវគុណភាពចំណេះដឹង និងធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្មួយៗត្រូវចាប់យកឱកាសជ្រើសរើសមុខជំនាញពិតប្រាកដមួយ ព្រោះសិក្ខាសាលានាពេលនេះ តម្រង់ទិសឱ្យក្មួយជ្រើសរើស ចាប់យកឱកាសការងារជំនាញ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពជាមូលដ្ឋានដែលយើងត្រូវគិតគូរ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ម្យ៉ាងទៀតនៅខេត្តព្រះសីហនុ ការចាប់យកមុខវិទ្យាវិទ្យាសាស្ត្រពិត មានតែ ១ភាគ ៣តែប៉ុណ្ណោះ យើងចង់ឱ្យសិស្សានុសិស្សចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រពិតឱ្យកាន់តែច្រើនបន្ថែមទៀតឱ្យមានតុល្យភាពនឹងវិទ្យាសាស្ត្រសង្គម ស្របទៅនឹងកំណើនការងារនៅខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវការបង្កើននូវចំណេះដឹងផ្នែកភាសាផងដែរ ព្រោះភាសាអង់គ្លេសជាភាសាមួយដែលមានសារៈសំខាន់សម្រាប់ប្រើប្រាស់ជាទូទៅក្នុងសកលលោក ក៏ប៉ុន្តែសម្រាប់ខេត្តព្រះហនុនាពេលបច្ចុប្បន្ន ការចាប់យកភាសាចិន វាមានអាតិភាពក្នុងការចាប់យកការងារ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនផ្សេងទៀត សម្រាប់ការដើរលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ ក្នុងការទាក់ទាញអ្នកដែលមានជីវភាពខ្ពស់រស់នៅប្រកបដោយផាសុខភាព។
ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកសិក្ខាសាលាសម្រាប់សិស្សថ្នាក់ទី១០នាពេលនេះ ក្នុងគោលបំណង បង្កើតសម្ភារឧបទេសដោយប្រើម៉ាស៊ីនព្រីន 3D បង្កើនការយល់ដឹងផ្អែកលើការពិសោធន៍រូបវិទ្យា លើកកម្ពស់ចំណាប់អារម្មណ៍សិស្សក្នុងការរៀនមុខវិជ្ជាស្ទែម (Stem) ជាថ្នាក់សំខាន់ដែលសិស្សត្រូវចាប់យកមុខវិជ្ជាចំនួនពីរ មានដូចជា វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយសារតែសិស្សភាគច្រើនចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម វាងាយស្រួលក្នុងការសិក្សា ម្យ៉ាងទៀតនៅពេលប្រឡងធូរជាង និងជាប់ច្រើនជាង។ រាជរដ្ឋាភិបាលជំរុញឱ្យក្មួយចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រ ព្រោះវាបានចូលរួមគាំទ្រដល់វិស័យកសិកម្ម (ការបង្កាត់ពូជដំណាំ) ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ព្រោះកម្ពុជានៅពេលខាងមុខត្រូវការធនធានមនុស្សដែលមានចំណេះដឹងបច្ចេកទេស វិទ្យាសាស្ត្រដោយសារបច្ចុប្បន្នកម្ពុជានៅមានធនធានមនុស្សនៅមានកម្រិតក្នុងការចូលរួមចំណែកកសាង វិនិយោគ និងអភិវឌ្ឍ ទន្ទឹមនោះយើងត្រូវការធនធានមនុស្សឆ្លើយតបទៅនឹងទីផ្សារនាពេលអនាគត ក្នុងការចូលរួមតម្រង់ទិសការអភិវឌ្ឍសមត្ថភាពជំនាញ បច្ចេកទេសបន្ថែមទៀត។