ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ពិធីបុណ្យចូលវស្សា គឺជាពិធីបុណ្យសាសនារបស់ខ្មែរតាំងពីដូនតា នៃបុព្វបុរសរបស់យើង ហើយបុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលជារដូវដែលមានភ្លៀងធ្លាក់ជោគជាំ ជាហេតុធ្វើឱ្យព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត ព្រះសង្ឃមិនអាចត្រាចរណ៍បិណ្ឌបាតបានក្នុងរយៈពេល ៣ខែ ក្នុងនាមយើងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងប្រជាពុទ្ធបរិស័ទ្ធកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកនូវសទ្ធាជ្រះថ្លាចូលរួមក្នុងវិស័យពុទ្ធសាសនា។
ក្នុងឱកាសឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងកំឡុងពេលព្រះសង្ឃគ្រប់អង្គស្នាក់នៅក្នុងវត្តអារាមនានាក្នុងខេត្តព្រះសីហនុ មិនអាចនិមន្តចេញទៅបិណ្ឌបាតខាងក្រៅបាន និងតម្រូវឱ្យព្រះសង្ឃត្រូវខិតខំរៀនសូត្រ នូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅដល់មនុស្សគ្រប់ៗគ្នា ឱ្យកសាងតែអំពើល្អ មិនត្រូវបៀតបៀនសេចក្តីសុខអ្នកដទៃ ក្នុងវិស័យសាសនា។
ទេយ្យវត្ថុ និងទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តមានដូចជា៖
១-ទៀនវស្សា(១.៦សង់ទីម៉ែត្រ) ក្នុង១វត្ត ១គូរ
២- អង្ករ ក្នុង១វត្ត ១០០គីឡូក្រាម
៣-មី ក្នុង១វត្ដ ២កេសធំ
៤- ត្រីខកំប៉ុង ក្នុង១វត្ត ០២កេសធំ
៥-ទឹកត្រី ក្នុង១វត្ដ ០៦យួរ
៦-ទឹកស៊ីអ៊ីវ ក្នុង១វត្ត ០៦យួរ
៧-ទឹកក្រូច ក្នុង១វត្ដ ០៦កេស
៨-ខារ៉ាបាវ ក្នុង១វត្ត ០៦កេស
៩-ទឹកសុទ្ធ ក្នុង១វត្ត ១០កេស
១០-ទឹកដោះគោខាប់ ក្នុង១វត្ត ០២កេស
១១-ស្ករស ក្នុង១វត្ត ០៦គីឡូក្រាម
១២-តែ ក្នុង១វត្ត ៦កញ្ចប់
១៣-ព្រះសង្ឃនិមន្តតំណាងវត្តនីមួយៗក្នុង១អង្គ ទទួលបានស្លាដក១ និងបច្ច័យ ២០០,០០០រៀល
១៤-បច្ច័យប្រគេនវត្តទាំង៤១ ក្នុង១វត្ត ថវិកា ១,០០០,០០០រៀល។