ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់មក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យមើលនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនមានដូចជា៖ សាលាបឋមសិក្សា អនុវិទ្យាល័យជាំងស៊ូ បិតត្រាំងស្ថិតនៅឃុំបិតត្រាំងស្រុកព្រៃនប់ សាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅសង្កាត់លេខ១ សាលាបឋមសិក្សា វិទ្យាល័យឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយពិនិត្យឃើញថា ដំណើរការបោះឆ្នោតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមការិយាល័យបោះឆ្នោតនីមួយៗមានសភាពល្អប្រសើរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅតាមការិយល័យបោះឆ្នោតរៀងៗខ្លួនឱ្យបានមុនម៉ោង ៣ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ការិយាល័យបោះឆ្នោតទាំង៣២៦ បានចាប់ផ្តើមបើកដំណើការព្រមៗគ្នានៅម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ក្នុងខេត្តព្រះសីហនុ ដែលមានការិយាល័យបោះឆ្នោតសរុបចំនួន៣២៦ និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សរុបចំនួន ១៤៩,៨០៧នាក់ ក្នុងចំណោមក្រុង២ ស្រុក៣ នៃខេត្តព្រះសីហនុ ក្នុងនោះ៖
– ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋបោះឆ្នោតសរុបចំនួន ៥៤,១៤៣នាក់ ស្មើនឹង ១០៧ការិយាល័យបោះឆ្នោត
-ស្រុកព្រៃនប់ មានប្រជាពលរដ្ឋ ៧០,៧៤៧នាក់ ស្មើនឹង ១៦០ការិយាល័យ
-ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋសរុបចំនួន ១១,៦២៣នាក់ ស្មើនឹង ៣០ការិយាល័យ
-ស្រុកកំពង់សីលា ប្រជាពលរដ្ឋសរុបចំនួន ១០,៧៤៨នាក់ ស្មើនឹង ២៤ការិយាល័យ
-ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋចំនួន ២,៥៤៦នាក់ ស្មើនឹង ៥ការិយាល័យ។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដំណើរការបោះឆ្នោតនៅទូទាំងខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមានមណ្ឌលបោះឆ្នោតណាមួយជួបបញ្ហា ឬមានបណ្តឹងតវ៉ានោះទេ ហើយគ្រប់គណបក្សនយោបាយទាំង១២ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ម្យ៉ាងទៀតប្រជាពលរដ្ឋបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងផុលផុសផងដែរ។