នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការស្របតាមស្មារតីឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះជាជំហានមួយបន្ទាប់ពីការកំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងទាំងអស់។អង្គប្រជុំទាំងមូលបានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់ផ្សេងៗក្នុងទិដ្ឋភាពគតិយុត្តិ និងលិខិតបទដ្ឋាននានាដែលនឹងត្រូវប្រើប្រាស់ក្នុងការដោះស្រាយភាពជាប់គាំងផងដែរ។
ជាលទ្ធផល តាមរយៈការពន្យល់ បកស្រាយក្នុងលក្ខណៈបច្ចេកទេស អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រលើផែនការសកម្មភាពដើម្បីឱ្យការអនុវត្តវិធានការដោះស្រាយនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។