ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់ទទួលសៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានប្រគល់ដោយ ឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សព្វផ្សាយសៀវភៅសម្តេចទាំងទ្វេ និងលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ “ហ៊ុន សែន កម្ពុជា” និងក្រុមការងារ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ឯកឧត្តម ទុំប៉ែន វីរៈវិទូ និងលោក អៀង ពិសី និងក្រុមការងារនាំយកសៀវភៅ “ហ៊ុន សែន កម្ពុជា” ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ក្រោមឈ្មោះរួមតែមួយ “ឆ្នេរសមុទ្រកម្ពុជា” ។ ខេត្តព្រះសីហនុ គឺជាច្រកចេញ-ចូលអន្តរជាតិ មានអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែស្វយ័តអន្តរជាតិ និងជាចំណុចប្រសព្វ នៃការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអ័ក្សនៃការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងអ័ក្សនៃការអភិវឌ្ឍភ្នំពេញ-ព្រះសីហនុ។ ខេត្តព្រះសីហនុសម្បូរដោយធនធានធម្មជាតិមានដូចជា សមុទ្រ កោះ ឆ្នេរសមុទ្រ ទឹកសមុទ្រខៀវស្រងាត់ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម មច្ឆាសមុទ្រ ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឧទ្យានជាតិ ឧទ្យានជាតិសមុទ្រ និងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលដ៏សម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងកោះប្រកបដោយប្រជាប្រិយមានភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់មកទស្សនាលម្ហែកម្សាន្តក្នុងមួយឆ្នាំៗ ដែលត្រូវបានប្រសិទ្ធនាមថា “តារារះនាទិសនិរតី”។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សារៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងគណៈកម្មាធិការចំនួន២ គឺគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការមេរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំនឹងអភិវឌ្ឍ «ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និង កោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញ-ចូលអន្តរជាតិ និងភស្តុភាកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ជាទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប ។ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន៖ វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងវិស័យគមនាគមន៍ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណឯកឧត្តម ទុំប៉ែន វីរៈវិទូ និងលោក អៀង ពិសី បាននាំយកសៀវភៅ “ហ៊ុន សែន កម្ពុជា” ចំនួន ៥០០ក្បាល ជូនរដ្ឋបាលខេត្តព្រះសីហនុ រៀបរៀងឡើងក្នុងគោលបំណងចងក្រងឯកសារជាប្រវត្តិសាស្ត្រ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិវឌ្ឍប្រទេសពីគំនរបាក់បែកដោយសារសង្គ្រាម។ ពិសេសចងក្រងនូវអនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ទុកជាឯកសារដ៏មានតម្លៃជូនសិស្ស-និស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានធ្វើការសិក្សាស្រាវជ្រាវប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំបានលះបង់គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ស្វែងរកសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។