នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមតំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូនតាមផែនការគ្រោងទុក មកដល់បច្ចុប្បន្នការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ សម្រេចបាន ៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ ២០,០០០ម៉ែត្រគូប។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ជាពិសេសការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ មានដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ -ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ហើយស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការ ចំណែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលកំពុងសាងសង់សម្រេចបាន ៩៨ភាគរយ វាមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X.WATER TECHNOLOGY CO.,LTD។
តាមការឱ្យដឹង ក្រៅពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣ខាងលើ ខេត្តព្រះសីហនុនៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)។
សូមរម្លឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។