ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង សាលាខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយយុវជននៃក្រុមអ្នក
បើក រថយន្តឈ្នួលដឹកកម្មករប្រចាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចំនួន ២៦០នាក់ ។
នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត មានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរ ទាំងអស់
ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើក សូមបើកបរដោយស្មារតីទទួលខុសត្រូវ កុំឆេវឆាវមានការយោគយល់
អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការសេពគ្រឿងស្រវឹងមុនពេល
បើកបរ។ លើសពីនេះទៅទៀត ឯកឧត្តម សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាថែរក្សាការពារសុខសន្តិភាព
ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ។
ជាមួយគ្នានេះផងដែរ ក៏មានការប្រកាសទទួលស្គាល់ជាផ្លូវការសាខាសហភាពសហព័ន្ធយុវជនកម្ពុជា នៃក្រុម
អ្នកបើករថយន្តឈ្នួលដឹកកម្មករប្រចាំតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុចាប់ពីថ្ងៃនេះតទៅ ។
ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីអមដំណើរ ព្រមទាំងបងប្អូនអ្នកបើកបរទាំងអស់ បានចូលរួមពិសារបាយសាមគ្គី
ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ កម្មវិធីនេះ បានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ឯកឧត្តម
នៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រធានអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ។