Home / ព័ត៌មានទូទៅ / ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានរាយការណ៍ពីការងារកសាង និងអភិវឌ្ឍកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ វិស័យទេសចរណ៍កម្ពុជាបាន រីកលូតលាស់ដោយមានការជំរុញលើកទឹកចិត្តពីរដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូប័រទេសចរណ៍តូច ធំ ២០គ្រឿងក្នុងពេលតែមួយ វាក៏ជាចំណតសុវត្ថិភាពមួយមានលក្ខណៈសម្បត្តិពេញលេញ សាកសម្យជាកំពង់ផែមានសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ ស៊ីវិល័យ ទំនើបនាពេលបច្ចុប្បន្ន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផត អ៊ិចផត តែងតែសហការយ៉ាងជិតសិ្នតជាមួយរដ្ឋបាលខេត្ត ក្នុងការងារសង្គម និងសប្បុរសធម៌ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះអាយុជីវិតជនរងគ្រោះផ្សេងៗនៅលើផ្ទៃសមុទ្រ និងតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ប្រកបដោយទំនួលខុសត្រូវបង្ហាញឱ្យឃើញនូវវប្បធម៌ចែករំលែកទឹកចិត្តសប្បុរសធម៌ ស្មារតីសាមគ្គីភាព និងភាតរភាពក្នុងភាពជាខ្មែរដូចគ្នា ការបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កំពង់ផែទេសចរណ៍នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ផ្លែផ្កា នៃសន្តិភាពក៏បានជំរុញ ឱ្យវិស័យទេសចរណ៍កម្ពុជា ជាទេសចណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ ផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងប្រយោជន៍ដល់ប្រជាជនកម្ពុជា។ វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋាវរចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អបអរសាទរការបើកឱ្យដំណើរការកំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីបង្កើតឱកាសការងារ លើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទនៈ ដោយចាត់ទុកថាជា “មាសបៃតង” វាដើរតួនាទីជាចន្ទល់គន្លឹះមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជាតិ ព្រមទាំងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជាមានការលូតលាស់គួរឱ្យកត់សម្គាល់ និងបានបំពេញតួនាទីជា សសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទាមទារឱ្យយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមទទួលខុសត្រូវ ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាឱ្យបានផុលផុសពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត គ្រប់ថ្នាក់ ផ្នែកឯកជន សហគមន៍ ដៃគូអភិវឌ្ឍន៍នានា ដើម្បីទទួលបានទស្សនៈក៏ដូចជាធាតុចូលថ្មីៗបន្ថែមទៀតក្នុងការអនុវត្តវិធានការគន្លឹះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យទេសចរណ៍ក្នុងតំបន់។