រសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្កីជាមួយភ្នាក់ងារបំពេញបែប បទទំនិញចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៤៦នាក់ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរាយការណ៍ពីការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានដូចជា ១.គម្រោងកែសម្រួលផែច្រាំងទំនិញទូទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត ប្រើប្រាស់ថវិកាសល់ពីកម្ចីជប៉ុនលេខ:CP-P10 ប្រមាណ ១០លានដុល្លារអាមេរិក និងថវិកាកំពង់ផែចំនួន ២១លានដុល្លារអាមេរិក បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបក្នុងនោះ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ០២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ០៦គ្រឿង គ្រោងដាក់ឪ្យប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០២៤ បង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៤៥% (២៥០,០០០ TEUs/១ឆ្នាំ)ធ្វើឪ្យសមត្ថភាពផែកើន ៨០០,០០០TEUs /១ឆ្នាំ
២.គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១.ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ ដាក់ឱ្យប្រតិបត្តិការនៅឆ្នាំ២០២៦ ប្រើប្រាស់ហិរញ្ញប្បទានសម្បទានរបស់ JICA សរុប ២០៣លានដុល្លារអាមេរិក ឱ្យនាវាដឹកកុងតឺន័រមានទម្ងន់ផ្ទុក ៦០,០០០ DWT (៤,០០០TEUs) មានផ្លូវរត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣ភាគរយចូលចតរួមចំណែកកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនតាមសមុទ្រធ្វើតម្លៃប្រហាក់ប្រ ហែលប្រទេសជិតខាង។ ចំណតផែកុងតឺន័រថ្មីនេះនឹងបង្កើនសមត្ថភាពប្រមាណ ៤៥០,០០០ EUs/០១ឆ្នាំ ធ្វើឪ្យសមត្ថភាពផែកើនសរុប ១,២៥០,០០0 TEUs /១ឆ្នាំ
៣.ពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦.៥ម៉ែត្រ គ្រោងដាក់ឱ្យប្រតិបត្តិការឆ្នាំ២០២៨ ឪ្យនាវាដឹកកុងតឺន័រធុនធំមានទម្ងន់ផ្ទុក ១២០,០០០ DWT (១០,០០០TEUs) និងមានផ្លូវរត់ក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកចូលចតបង្កើនសមត្ថភាពផែកុងតឺន័រប្រមាណ ៥៧០,០០០TEUs/១ឆ្នាំ ធ្វើឱ្យសមត្ថភាពផែកើនសរុប ១,៨២០,០០០ TEUs /១ឆ្នាំ
៤.គម្រោងពង្រីកចំណតផែកុងតឺន័រថ្មីជំហានទី៣.ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់ឆ្នាំ២០២៩ អនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំទម្ងន់ផ្ទុក ១៦០,០០០ DWT (១៥,០០០TEUs) មានផ្លូវដឹកជញ្ជូនទូទាំងពិភពលោកទៅមកកំពង់ផែក្រុងព្រះសីហនុផ្ទាល់ ពុំចាំបាច់ឆ្លងកាត់តាមផែដទៃឡើយ បង្កើនសមត្ថភាពផែប្រមាណ ៦១៧,០០០TEUs/១ឆ្នាំ ។ ធ្វើឱ្យសមត្ថភាពផែកើន ២,៣៤៧,០០០TEUs/១ឆ្នាំ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះមានឱកាសជួបបងប្អូនភ្នាក់ងារបំពេញបែបបទទំនិញនាំចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងនោះក៏ចង់ដឹងអំពីសុខទុក្ខ និងវឌ្ឍភាពកំពង់ផែក្រុងព្រះសីហនុ កាន់តែធំធាត់ជាកំពង់ផែទឹកជ្រៅនៅកម្ពុជា ធានារ៉ាប់រងទំនិញចេញ-ចូលប្រមាណ ៧០ភាគរយក្នុងប្រទេសកម្ពុជាកំពង់ផែនេះត្រូវបានកសាងក្នុងសង្គមរាស្ត្រនិយម បំរើឱ្យសង្គមកម្ពុជាបន្តគ្រប់ជំនាន់រហូតដល់បច្ចុប្បន្ន ពីមុនកំពង់ផែនេះមិនមានភាពរីកចម្រើនធំធាត់ដូចសព្វថ្ងៃនេះទេ ដោយសារទំនិញមិនទាន់មានច្រើន តម្រូវការនៅតិច។ ក្រោយឆ្នាំ១៩៧៩ ការដឹកជញ្ជូនទំនិញចេញ-ចូលមកកំពង់ផែក្រុងព្រះសីហនុ នាំមកនូវកំណើនសេដ្ឋកិច្ចជាតិ។ ក្រោយបញ្ចប់សង្គ្រាមប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ កំពង់ផែក្រុងព្រះសីហនុមានតួនាទីសំខាន់ជាប្រព័ន្ធដឹកជញ្ជូនទំនិញចេញ-ចូល ជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេស។ រាជរដ្ឋាភិបាលបានមើលឃើញអំពីគុណតម្លៃកំពង់ផែ និងបានឱ្យធ្វើទំនើបកម្មបង្កើនជាបន្តបន្ទាប់បង្កើនសមត្ថភាពនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានលើកទឹកចិត្តប្រជាកសិករធ្វើការដាំដុះ ដើម្បីធ្វើការនាំចេញផលិតផលទៅក្រៅប្រទេស ហើយតម្រូវការ នៃការដឹកជញ្ជូនវាដើរស្របនឹងការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នតាមនិន្នាការនយោបាយសេដ្ឋកិច្ច យើងមានគោលដៅពង្រីកកំពង់ផែ ដើម្បីចាប់យកឱកាសការដឹកជញ្ជូនកាន់តែច្រើន ប្រសិនបើកំពង់ផែរីកចម្រើនបងប្អូនក៏មានការងារកាន់តែច្រើន ហើយក៏ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា សូមបងប្អូនរួមគ្នាថែរក្សាសុខសន្តិភាព គាំទ្រគណបក្សប្រជាជន និងឆ្នាំងបាយឱ្យបានល្អ ឆ្លើយតបទៅនឹងអតិថិជន។ សង្ឃឹមថា បងប្អូនទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនបុគ្គលិកចូលរួមចំនួន ១៤៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។