នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មានដំណាក់កាលទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសណ្ឋាគារឆ្នេរសុខា។
សិក្ខាសាលានេះបានរៀបចំក្នុងគោលបំណង ពង្រឹងគុណភាព តម្លាភាព និង សុក្រិដ្ឋភាពសមត្ថភាពក្នុងការរាយការណ៍អំពីបញ្ហានិងព្រឹត្តិការណ៍នានា លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានស្វែងយល់និងផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានាដែលខេត្តសម្រេចបានក្នុងពេលកន្លងមកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំខេត្ត ជាពិសេសធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកអភិបាលរង បានលើកឡើងថា “អ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មិនអាចខ្វះបាន ដើម្បីធ្វើឱ្យខេត្ត ព្រះសីហនុបន្តមានកេរ្តិ៍ឈ្មោះនិងទាក់ទាញ តាមរយៈការបន្សាបព័ត៌មានមិនពិត ខណៈដែលកាលពេល កន្លងទៅ ខេត្តព្រះសីហនុ បានរងនូវភាពអយុត្តិធម៌ដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងរូបភាព ផ្សេងៗជាច្រើន”។
បន្ថែមពីនេះ លោកបានធ្វើការសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តខិតខំសហការបន្ថែមទៀត ដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយពីភាពទាក់ទាញ ភាពប្រកួតប្រជែង និងពាំនាំនូវចក្ខុវិស័យ សក្ដានុពល វឌ្ឍនភាព ប្រសើរថ្លៃថ្លា សមិទ្ធផលជាផ្លែផ្កា នៃសន្តិភាព និងការអភិវឌ្ឍរបស់ខេត្ត ជូនទៅកាន់ពិភពលោកឱ្យកាន់តែ ជ្រួតជ្រាបកាន់តែច្បាស់ ជាពិសេសចូលរួមឆ្លើយតបនិងទប់ស្កាត់ព័ត៌មានមិនពិតជាអវិជ្ជមាននានា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជានិយាយជារួម៕