Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី បានរាយការណ៍ថា កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីជូនដំណឹងលេខ១៣១/២៣សជណ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការប្រកួតជ្រើសរើសជ័យលាភី ផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ«ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានទទួលនូវខ្សែវីដេអូចូលរួមប្រកួតប្រជែងពីសាធារណជនសរុបចំនួន ២០ក្រុម។ ក្រោយមកក្រុមការងាររដ្ឋបាលខេត្តបានប្រជុំពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាពរបស់ខ្សែវីដេអូនីមួយៗតាមលក្ខខណ្ឌដែលបានកំណត់ ក្រុមការងារបានសម្រេចជ្រើសរើសខ្សែវីដេអូចំនួន២០ យកទៅផ្សព្វផ្សាយប្រកួតប្រជែងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្ត ដើម្បីជូនមហាជនទូទៅធ្វើការពិនិត្យវាយតម្លៃដាក់ពិន្ទុតាមរយៈការគាំទ្រ(LIKE)ហើយត្រូវជ្រើសរើសជាជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៥ ចំពោះខ្សែវីដេអូដែលមានការគាំទ្រច្រើនជាងគេ មានគុណភាពល្អ មានខ្លឹមសារអប់រំ លើកកម្ពស់អនាម័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅខេត្តព្រះសីហនុប្រកបក្ដីសប្បាយរីករាយ។ ជាមួយគ្នានេះផងដែខ្សែវីដេអូទាំង២០នោះ ត្រូវបានបង្ហោះក្នុងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុនៅវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
លុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទីល្ងាច ជាពេលវេលាកំណត់បញ្ចប់ទទួលការវាយតម្លៃដាក់ពិន្ទុ ក្រុមការងារបានធ្វើការស្រង់នូវចំនួនLIKE ដែលទទួលបានពីការចុចគាំទ្រពីសំណាក់មហាជននៅលើខ្សែវីដេអូររបស់បេក្ខជនក្រុមនីមួយៗដោយប្រើប្រព័ន្ធFACEBOOK SCRAPER និងបានថតស្រ្គីនដើម្បីរក្សាទុកជាភស្តុតាង។ ដោយពិនិត្យឃើញថា មានភាពមិនប្រក្រតីនៃចំនួនLIKE នៅលើខ្សែវីដេអូររបស់បេក្ខជនមួយចំនួន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្តបានធ្វើការពិនិត្យចំពោះគណនីដែលបានចូលមកចុចLIKE លើខ្សែវីដេអូររបស់បេក្ខជនទាំងអស់ឡើងវិញហើយក៏រកឃើញថា ខ្សែវីដេអូរបស់បេក្ខជនចំនួន៣ក្រុម មានការទិញលក់ចំនួនLIKE ពីប្រទេសវៀតណាម។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអរគុណប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី និងកោតសរសើរក្មួយៗទាំង ២៣ក្រុម ដែលបានចូលរួមរៀបចំផលិតវីដេអូខ្លី ក្នុងន័យអប់រំ ស្ដីពី “ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ ” ក្រុមនីមួយៗបានជ្រើសរើសទីតាំង ខ្លឹមសារអត្ថន័យបានល្អ តែល្អពេលនេះផ្ដើមចេញពីសមត្ថភាពរបស់ក្មួយៗទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតី និងឆន្ទៈ លើពាក្យពេជ្រខ្លឹមសារ និងទេពកោសល ស្តែងចេញពីទិដ្ឋភាពពិតនៅក្នុងសង្គមសំដៅផ្សព្វផ្សាយអប់រំដល់យុវជន មហាជនឱ្យនាំគ្នាចេះស្រឡាញ់បរិស្ថាន អនាម័យ ព្រោះវានាំមកនូវផាសុខភាពសម្រាប់យើងទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់លើខ្លឹមសារនៅក្នុងឃ្លីបវីដេអូនីមួយៗបានបញ្ជាក់ពីទិដ្ឋភាពនៅក្នុងសង្គម ក៏ជារឿងសំខាន់មួយ ឆ្លុះបញ្ចាំងឱ្យយើងទាំងអស់គ្នាចូលរួមស្រឡាញ់ថែរក្សាអនាម័យ បរិស្ថានរបស់យើង ដើម្បីឱ្យក្រុង ខេត្តរបស់យើងមានបរិស្ថានល្អស្អាត។ ផ្ដើមចេញពីការប្រឡងប្រណាំងនាពេលនេះ ក្រុមនីមួយៗអាចកែលម្អការផលិតវីដេអូរបស់ខ្លួននៅពេលក្រោយកាន់តែទទួលបានលទ្ធផលល្អ ។ ហើយលទ្ធផលដែលយើងទទួលបានថ្ងៃនេះជាចំណុចតូចមួយសម្រាប់បំផុសប្រជាពលរដ្ឋនាំគ្នាស្រឡាញ់លើកកម្ពស់បរិស្ថាន អនាម័យនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនៅមានកម្មវិធីផលិតវីដេអូខ្លីជាច្រើនទៀត ផ្តោតលើប្រធានបទផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យយុវជនរបស់យើងបញ្ចេញសមត្ថភាព ទេពកោសលរបស់ខ្លួន ពិសេសជួយបង្កើនលើកកម្ពស់សមត្ថភាពរបស់យុវជនយើងមានចំណេះដឹងថ្មីកាន់តែរីកចម្រើន និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តារាជធានី ខេត្ត។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ថវិកាជូនក្រុមជ័យលាភី លេខ១ ទទួលបានថវិកា ៥លានរៀល លេខ២ ថវិកា ៣លានរៀល លេខ៣ ថវិកា ២លានរៀល លេខ៤ ថវិកា១លាន៥សែនរៀល និងលេខ៥ ថវិកា ១លានរៀល។ ដោយឡែក ៣ក្រុម ដែលជាប់ចំណាត់ថ្នាក់រូបភាពល្អ និងខ្លឹមសារល្អ ក្នុងមួយក្រុមទទួលបានថវិកា ១លានរៀល និង ១២ក្រុម មិនទទួលបានជ័យលាភី ទទួលបានថវិកា ៥០ម៉ឺនរៀល៕