ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារវត្ត គិរីជលសារស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
តាមការឱ្យដឹងពីក្រុមការងារបច្ចេកទេសសាងសង់ព្រះវិហារវត្ត គិរីជលសារ ភូមិព្រែកស្វាយ បានបញ្ជាក់ថា វត្តព្រែកស្វាយមានផ្ទៃដី ៤៧ ០០០ម៉ែត្រ ការ៉េបានធ្វើការសាងសង់ព្រះវិហារមួយដែលមានទទឹង ១២,៦ម៉ែត្រ បណ្តោយ ៣៣,៣ម៉ែត្រ និងដងទង់មួយគូរ សាងសង់តាមរចនាបទខ្មែរចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លាសហរដ្ឋអាមេរិក។ ការសាងសង់មានរយៈពេលពីរឆ្នាំ ហើយតម្លៃនៃការសាងសង់ព្រះវិហារនេះ វាពិតជាមានតម្លៃថ្លៃជាងការសាងសង់សំណង់នៅលើដីគោកគុណនិង៣ ឬ ៤ដង ដោយសារការសាងសង់សំណង់នៅលើដីកោះ ជួបបញ្ហាប្រឈមជាច្រើនមានដូចជា ការដឹកជញ្ជូនសម្ភារៈសំណង់ពីដីគោក មកកាន់កាដ្ឋាននៅតំបន់កោះ ត្រូវការប្រើប្រាស់ពេលវេលាលើកដាក់តាមសាឡង់ ឬទូក និងប្រើប្រាស់កម្លាំងពលកម្មលើកជាច្រើនសារទើបមកដល់ការដ្ឋាន មកដល់ចប្ចុប្បន្នការសាងសង់ព្រះវិហារភូមិព្រែកស្វាយសម្រេចបាន ៤៥ភាគរយ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់តាមអ្វីដែលអាចធ្វើទៅបាន ព្រោះរដូវនេះចូលដល់រដូវភ្លៀង ព្យុះ ការងារសាងសង់ត្រូវប្រឈមក្នុងការសាងសង់ ហើយការងារសាងសង់ត្រូវធ្វើឱ្យបានលឿន ធានាបរិមាណ គុណភាព និងសោភណ្ឌភាពតាមរចនាបទខ្មែរ សម្រាប់ទុកឱ្យពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេសប្រជាពលរដ្ឋនៅតំបន់កោះមានព្រះវិហារមួយល្អស្អាត ដើម្បីគោរពបូជា និងរៀបចំធ្វើពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលនៅជុំវិញវត្តចូលរួមសហការដាំដើមឈើប្រមាណជាង ១ ៥០០ដើមនៅក្នុងបរិវេណវត្តមានដូចជា ដើមគគីរ ដើមឈើទាល ព្រោះដើមឈើទាំងអស់នេះដាំក្នុងវត្តពិតជាមានសោភណ្ឌភាព បរិស្ថានបៃតងថែមទៀតផងនៅពេលខាងមុខ ក្រៅពីធ្វើការដាំដុះដើមឈើលម្អក្នុងបរិវេណវត្ត យើងត្រូវធ្វើផ្លូវព័ទ្ធជុំវិញវត្តផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមិនមានការរំខានដល់ព្រះសង្ឃសិក្សារៀនសូត្រធម៌ វិន័យ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តចូលរួមសហការការពារគ្រឿងសំណង់ក្នុងវត្តឱ្យបានល្អ ដើម្បីឱ្យក្រុមជាងយកទៅធ្វើការសាងសង់បានលឿន ឆាប់ និងទាន់ពេលវេលា ព្រោះការដឹកជញ្ជូនគ្រឿងសំណង់មកកាន់ទីនេះពិតជាមានការពិបាក ហើយមានតម្លៃខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា ព្រះវិហារវត្ត គិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយនេះ ជាគំនិតផ្ដួចផ្ដើមសាងសង់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានរៀបចំក្រុងពាលីសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងមក ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត។