នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រសួងការបរទេសថៃ ដឹកនាំដោយ លោក Naruchai Ninnad អគ្គនាយករង នៃនាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសថៃ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ មន្រ្តីរដ្ឋបាលខេត្ត និងមន្ត្រីស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចស្វាគមន៍ លោកអភិបាលរងខេត្ត បានស្វាគមន៍គណៈប្រតិភូ ជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សក្តានុពល ស្ថានភាពសេដ្ឋកិច្ច និងផែនការមេរបស់ខេត្តព្រះសីហនុ ព្រមទាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
ក្នុងជំនួបនេះ លោកអភិបាលរង បានជម្រាបអំពីចំនួនប្រជាជនថៃ ដែលធ្វើការ និងរស់នៅក្នុងខេត្តព្រះសីហនុ និងកត់សម្គាល់អំពីជនជាតិថៃ ដែលឆ្លងដែនខុសច្បាប់មកធ្វើការនៅខេត្តព្រះសីហនុ ក្នុងរយៈពេលកន្លងមក។
យោងរបាយការណ៍ពីស្នងការនគរបាលខេត្តព្រះសីហនុ ពីឆ្នាំ២០២១-២០២២ ខេត្តព្រះសីហនុបានបញ្ជូនជនជាតិថៃ ត្រលប់ទៅប្រទេសថៃវិញ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សរុបចំនួន ១៥៧នាក់ ដោយឡែកក្នុងឆ្នាំ២០២៣ (គ្មាន)។
បន្ថែមពីនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការផ្តល់ព័ត៌មាន និងដោះស្រាយ ចំពោះករណីជនជាតិថៃ ដែលបានឆ្លងដែនខុសច្បាប់ និងធ្វើការខុសច្បាប់។
ជាមួយគ្នានេះ ភាគីថៃបានកោតសសើរចំពោះការអភិវឌ្ឍខេត្តព្រះសីហនុ ព្រមទាំងកិច្ចសហប្រតិបត្តិការនានារវាងខេត្តព្រះសីហនុ និងខេត្តសម្ព័ន្ធមេត្រីភាពរបស់ប្រទេសថៃ ព្រមទាំងគាំទ្រ និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។