Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា។
លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ថ្លែងអំណរគុណពាណិជ្ជករ និងអាជីវករខេត្តព្រះសីហនុ ដែលចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះសម្រាប់អាណត្តិទី៣។ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុដូចតទៅ៖ បានអមដំណើរគណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំសួរសុខទុក្ខនាយទាហាន ពលទាហាន ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសការអភិវឌ្ឍរីកចំរើនថ្មីៗរបស់ក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ទន្ទឹមនោះយើងនឹងខិតខំជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនអាជីវកររបស់យើងជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្ររូបខ្ញុំ ជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី៣ ឆ្នាំ២០២៣នេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យខេត្តរបស់យើងរីកចម្រើន ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើបងប្អូនចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDCនោះទេ ចំពោះការវិនិយោគមានដើមទុកក្រោម ៥លានដុល្លាអាមេរិក គឺគ្រាន់តែស្នើសុំមកអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាលសម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ យើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្តល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើងរួមចំណែកដល់ការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត សង្ឃឹមថា ពាណិជ្ជករនឹងអុ្នកវិនិយោគបានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្តឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន)ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ផែនការមេ ជាត្រីវិស័យដ៏សំខាន់សម្រាប់ចង្អុលទិសអភិវឌ្ឍនៅខេត្តព្រះសីហនុរបស់យើង។ កិច្ចសហប្រតិបត្តិការនេះត្រូវបានយកចិត្តទុកដាក់ពី CDC បានកំពុងខិតខំជំរុញលើកទឹកចិត្ត ដើម្បីឱ្យអនុវត្តឱ្យបានពេញលេញ និងជាការគាំទ្រដោយផ្ទាល់ទទួលបានអត្ថប្រយោជន៍ពីការគិតគូររបស់រាជរដ្ឋាភិបាល ហើយមានអ្នកវិនិយោគកំពុងចាប់យកឱកាសធ្វើការវិនិយោគប្រមូលផ្តុំចំនួន ៣ នៅខេត្តរបស់យើងមានដូចជា ក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនហ្គោល នៅតំបន់រាម ដែលការវិនិយោគជាផ្នែកមួយ នៃការទាក់ទាញផលិតផលទេស ចរណ៍មួយថ្មីសម្រាប់ខេត្តរបស់យើងផងដែរ នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា សណ្ឋាគារ ខុនដូរ ផ្សារ សួនចញ្ចឹមត្រី វាបានផ្តល់ផលិត ផលទេសចរណ៍មួយយ៉ាងធំធេង ហើយគម្រោងនេះគ្រោងបើកការដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ ហើយមានផ្សារនៅពីខាងក្រោយយើងកំពុងធ្វើការវិនិយោគ ហើយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយនៅខេត្តព្រះសីហនុ ដែលពួកគាត់ចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ដែលមានសក្តានុពល ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុ ដូច្នេះសភាពាណិជ្ជកម្មានភារកិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ីនៅខេត្ត បើសភាពាណិជ្ជកម្មរបស់យើងគ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឱ្យស្ថានភាពអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។