នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្តល់ធុងត្រងទឹកភ្លៀងចំនួន១០០ ជូនបងប្អូនអាជីវករនៅផ្សារវាលរេញ ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរដ្ឋបាលស្រុកព្រៃនប់។
ការផ្ដល់ធុងត្រងទឹកភ្លៀងជូនបងប្អូនអាជីវករនេះ ស្ថិតនៅក្រោមគម្រោង “បន្សុាំនឹងប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច” ដែលជាគម្រោងរបស់អង្គការសហប្រជាជាតិសម្រាប់លំនៅស្ថានមនុស្សជាតិ(UN-Habitat) ដែលផ្តោតលើការគាំទ្រសហគមន៍ងាយរងគ្រោះ។
លោកអភិបាលរងបានមានប្រសាសន៍ថា ដើម្បីជាការឆ្លើយតបទៅនឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បានផ្តោតទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈមុំទាំង៤គឺ៖
១.ការលើកស្ទួយវិស័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ
២.ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ចីរភាព
៣.ការពង្រឹងការគ្រប់គ្រងនគររូបនីយកម្ម និង
៤.ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅ
នឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថា ធុងត្រងទឹកភ្លៀងទាំងនោះនឹងជួយសម្រួលដល់ការផ្គត់ផ្គង់តម្រូវការជាក់ស្តែង កាត់បន្ថយថ្លៃចំណាយ និងជួយដោះស្រាយបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបង្កើនភាពស្អាត អនាម័យផងដែរ។
សូមជម្រាបថា យោងរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងនៅក្នុងស្រុកព្រៃនប់ បានកើនឡើងរហូតដល់ ៤០០,៤ម.ម ដែលជាកម្រិតខ្ពស់មួយបើធៀបនឹងឆ្នាំ២០២២ កន្លងទៅដែលមានត្រឹមតែ ៧០០,១ម.ម ក្នុងរយៈពេលមួយឆ្នាំពេញ។