រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពុទ្ធបរិស័ទ សិស្សានុសិស្ស ថ្វាយព្រះពរ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាស
ដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រារព្ធនៅវត្តអូរត្រេះសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ទូលព្រះ បង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមព្រះរាជាអនុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះរាជសព្ទសាធុការ សិរីសួស្ដី ជ័យមង្គលបវរមហាប្រសើរ ដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភក្តិ ដ៏ជ្រាលជ្រៅបំផុត។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានមោទនភាពណាស់ និងមហាកិត្តិយសដ៏ក្រៃលែង ដែលសម្តេចព្រះមហាក្សត្រីទ្រង់គង់ ប្រថាប់ ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ញ៉ាំងឱ្យកិត្តិនាមស្ថាប័នមនុស្សធម៌មួយនេះ ត្រូវបានលើកកម្ពស់បង្កើតបាននូវទំនុកចិត្ត និងការចូលរួមយ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ឯកឧត្តម ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នានៅចងចាំបានថាៈ ព្រះរាជសកម្មភាពបំរើបុព្វហេតុសង្គហធម៌ មនុស្សធម៌ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំនៃអង្គសម្តេចឪ ជាទីគោរពសក្ការៈ ស្ថិតនៅជាអមតៈ ក្នុងក្រអៅបេះដូង និងជាព្រះរាជគំរូដ៏ថ្លៃថ្លា សំរាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ឆ្លៀតក្នុងពិធីចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីគ្រប់ព្រះអង្គ ព្រមទាំងព្រះបរមរតនៈកោដ្ឋ មេត្តាប្រោសប្រទានព្រះពរជ័យមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនាការ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនជូនក្នុងមួយវត្តរួមមាន៖ អង្ករ ២៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ១០កេស ទឹកផ្លែឈើ ១កន្ត្រក សាដក១ និងបច្ច័យចំនួន ១.០០០.០០០រៀល ព្រះចៅអធិការវត្ត ៧អង្គមួយអង្គបានប្រគេន៖ បច្ច័យចំនួន ២០០.០០០រៀល និងព្រះសង្ឃចំនួន ២៥អង្គ ក្នុងមួយអង្គបានប្រគេននូវ ៖ សាដក១ និងបច្ច័យចំនួន ១០០.០០០រៀល ចំណែកយាយជី តាជី ចំនួន ២០នាក់ ក្នុងមួយនាក់បានទទួល៖ ក្រណាត់សរ១ដុំ និងថវិកាចំនួន ៥០.០០០រៀល៕