នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យលទ្ធផលនៃការចុះពិនិត្យគម្រោងវិនិយោគតាមបណ្ដោះកោះឆ្នេរ និងរមណីយដ្ឋាននានា ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធសរុប ៣៧រូប នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងវិនិយោគនានាដែល ត្រូវឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានសិទ្ធិវិនិយោគនៅលើកោះ និងឆ្នេរក្នុងខេត្តព្រះសីហនុ ចំនួន៩គម្រោង និងខេត្តកោះកុងចំនួន៧គម្រោង ដើម្បីកំណត់គោលការណ៍បន្តជំរុញអភិវឌ្ឍ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល។
ខេត្តព្រះសីហនុមានកោះ និងថ្មប៉ប្រះទឹកចំនួន៣២ ហើយបច្ចុប្បន្ន គម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ មានចំនួន៣៣គម្រោង ដែលក្នុងនោះមាន៩គម្រោងជាគម្រោងនៅលើកោះ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានចូលរួមមតិយោបល់ជាព័ត៌មាន និងវិធីសាស្ត្រដោះស្រាយវិបត្តិដោយប្រើនយោបាយឈ្នះ-ឈ្នះនៅកម្រិតមូលដ្ឋានដែលទទួលបានការកោតសរសើរ និងសាទរពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ លោកក៏បានសំណូមពរអង្គប្រជុំបានការពិចារណាធ្វើនិរាករណ៍ ចំពោះគម្រោងវិនិយោគមួយចំនួន ដែលអនុវត្តខុសឆ្ងាយពីផែនការមេ និងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានផងដែរ