ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» នៅសាលាវិទ្យាស្ថានពហុបច្ចេក ទេសខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យ សិស្ស- និស្សិត សមាគមសិស្ស-និស្សិត អ.ម.ត យុវជន ស.ស.យ.ក អាណាព្យាបាល និយោជក និងដៃគូអភិវឌ្ឍ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែមិថុនា ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្សព្វ ផ្សាយដល់សិស្ស-និស្សិត យុវជន អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេសទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្តព្រះសីហនុ និងមន្ទីរការងាររៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ សរបញ្ជាក់ពីការយកចិត្តទុកដាក់ និងសហការគ្នារបស់ក្រសួង ស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធមកលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាវិស័យអទិភាព នៃយុទ្ធសាស្ត្រចតុកោណ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធ៌ម សីលធ៌ម និងស្មារតីទទួលខុសត្រូវ កិច្ចគាំពារសង្គមសំដៅធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។
ឯកឧត្តម ម៉ាង ស៊ីណេត ការបណ្តុះបណ្តាលជំនាញបច្ចេកទេសធ្វើឡើងក្នុងរូបភាពពីរ គឺទី១.ធនធានមនុស្សនៅក្នុងប្រព័ន្ធអប់រំ ទី២.ធនធានមនុស្សនៅក្រៅប្រព័ន្ធអប់រំ ឬក្នុងទីផ្សារការងារ។ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួនជាអាទិ៍៖ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, អនុវត្តក្របខណ្ឌកម្ពុជា ស្តង់ដារជាតិនៅគ្រឹះស្ថានឧត្តមសិក្សា បង្កើតមជ្ឈមណ្ឌលគំរូសម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសជាច្រើនកន្លែង។ ក្រសួងនៅតែបន្តជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ” បង្កើតការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។ ហើយមានវិស័យអាទិភាពជាច្រើនរួមមាន៖ សំណង់ស៊ីវិល មេកានិក អគ្គិសនី ថាមពលអេឡិចត្រូនិក បរិក្ខារត្រជាក់ និងធុរកិច្ចព័ត៌មានវិទ្យា ព្រមទាំងដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន នឹងធ្វើសមាហរណកម្មអ្នកដែលបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយពេលចូលធ្វើការងារទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។