រសៀលថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ក្នុងស្រុកព្រៃនប់។
តាមសេចក្តីប្រកាស ស្តីពីការតែងតាំងមន្រ្តីរាជការ តាមប្រកាសលេខ ២៤៦២ប្រក សម្រេចតែងតាំងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ បានធ្វើការបេ្តជ្ញាចិត្ត៖
១.បេ្តជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំរើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ឆន្ទៈម្ចាស់ការ ភក្តីភាព សីលធម៌ និងមានមនៈសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រងសាធារណរបស់រាជរដ្ឋាភិបាល
២.ប្តេជ្ញាអនុវត្តកម្មវិធីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមទាំងគោលការដឹកនាំរបស់រដ្ឋបាលស្រុក ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន
៣.បេ្តជ្ញាខិតខំសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាស្របតាមបច្ចេកវិទ្យាជំនាន់ ៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចម្រើន ឆ្លើយតបទៅនឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់
៤.ខិតខំរក្សាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវ:មន្រ្តីរាជការ ស្របតាមលក្ខន្តិកមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ
៥.ខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ សហការជាមួយបណ្តាមន្ទីរ អង្គភាពជំនាញនានាក្នុងខេត្តព្រះសីហនុឱ្យបានល្អប្រសើរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរការចាត់ចែងដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកព្រៃនប់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណដោយស្មារតីសាមគ្កីភាព និងដោះស្រាយបញ្ហាប្រឈមនានាបានល្អប្រសើរ ក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គណៈអភិបាលត្រូវបានកំណត់អាណត្តិរបស់ខ្លួនក្នុងមួយអាណត្តិមាន ៤ឆ្នាំ ប្រសិនបំពេញការងារល្អ អាចបន្តអាណត្តិទី២ សម្រាប់គណៈអភិបាលក្រុង ស្រុក និងខេត្ត។ ស្នើសុំការប្រមូលផ្តុំបញ្ចេញសមត្ថភាព រួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន យើងត្រូវចេះក្តាប់ឱកាសនៅមូលដ្ឋាន ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តការយកចិត្តទុកដាក់ការផ្តល់សេវាសន្តិសុខប្រើប្រាស់គ្រប់វិធានការ ពិសេសសន្តិសុខដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតសម្តែងមតិរបស់ខ្លួនក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីដំណើរការអភិវឌ្ឍនៅស្រុកព្រៃនប់ មានការរីកចម្រើន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍឆ្នាំ២០២៣នេះ គម្រោងដេញថ្លៃមានការយឺតជាងឆ្នាំ២០២២ យើងបានធ្វើការកែទម្រង់ នៃការដេញថ្លៃ ដើម្បីធ្វើយ៉ាងណាឱ្យបានសមិទ្ធផលនៅក្នុងមូលដ្ឋានរបស់យើងបានច្រើននៅក្នុងឃុំ។ រដ្ឋបាលខេត្តបានដាក់ឱ្យដេញថ្លៃការអភិវឌ្ឍផ្លូវបេតុងនៅតាមឃុំ សង្កាត់បានចំនួន២៤ ក្នុងចំណោម ២៩ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះយើងក៏ត្រូវគិតអំពីគម្រោងអទិភាពសម្រាប់ធ្វើការអភិវឌ្ឍនៅឆ្នាំក្រោយបន្តទៀត និងសូមអបអរសាទរមន្រ្តីស្រុកព្រៃនប់ បំពេញការងារបានល្អ ទន្ទឹមនោះយើងបន្តអភិវឌ្ឍសាងសង់ផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ នៅក្នុងឃុំ សង្កាត់។ រដ្ឋបាលខេត្តបានធ្វើការពង្រាយគម្រោងអភិវឌ្ឍដល់មូលដ្ឋាន ក្នុងឆ្នាំ២០២៣នេះ ក្នុងមួយឃុំ សង្កាត់មួយគម្រោងសម្រាប់ឆ្នាំ២០២៣នេះ។ ចំណែកការងារអភិវឌ្ឍរង្វង់មូលវាលរេញ ដើម្បីលើកកម្ពស់សោភណភាព បរិស្ថាន ដើម្បីបញ្ចៀសការលេចលង់នៅរដូវវស្សា ត្រូវធ្វើលូរកាត់ទទឹងផ្លូវចំនួន ៣កន្លែង ដើម្បីរំដោះជំនន់ទឹកភ្លៀង និងបន្តធ្វើរូបសំណាកនៅឆ្នាំក្រោយ ដោយសារតែថវិការបស់យើងមានកម្រិត។ ការបំរើសេវាសាធារណ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៅតាមឃុំ សង្កាត់ ដូច្នេះយើងត្រូវបន្តកាខិតខំទាំងអស់គ្នា ដើម្បីបំរើសេវាសាធារណជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ឆ្លើយតបទៅនឹងការគាំទ្រ និងសាទរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។