ព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ (និវត្តជន) មកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សរុបចំនួន ៣៦៥នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកជូនចំពោះមន្ត្រីរាជការជានិវត្តជន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន។ កម្ពុជាបានអនុវត្តរបបប្រជាធិបតេយ្យ ៥ឆ្នាំធ្វើការបោះឆ្នោតម្តង ដើម្បីជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការដឹកនាំប្រទេសមានការរីកចម្រើន ជាពិសេសសមិទ្ធផលរបស់ខេត្តព្រះសីហនុ មានហេដ្ឋារចសម្ព័ន្ធជាច្រើនត្រូវបានធ្វើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ឆ្នាំ២០១៨ ការបោះឆ្នោតនៅកម្ពុជាមានគណបក្សនយោបាយចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមានចំនួន ២០គណបក្ស ដោយឡែកឆ្នាំ២០២៣ មានគណបក្សចំនួន១៨ បានចូលរួមឈរឈ្នោះបោះឆ្នោតតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី ហើយសម្រាប់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះ វាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការសាទរពីប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទន្ទឹមនោះក៏វាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់លោកពូ លោកអ៊ុំ អ្នកមីង ដែលជា (និវត្តជន)របស់យើងផងដែរ ទើបរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនសម្រាប់សង្គមជាតិ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើឱ្យមតិជាតិ អន្តរជាតិទទួលស្គាល់កម្ពុជា ថាជាប្រទេសគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ ជាពិសេសខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឱ្យនាវាទេសចរណ៍ Westerdam ចូលចត ដែលមានប្រទេសចំនួន៦ មិនអនុញ្ញាតិឱ្យនាវាចូលចត ដោយសារតែភ័យក្លាយការរាតត្បាតជំងឺកូវីដ-១៩ តែកម្ពុជាឱ្យនាវាទេសចរណ័ Westerdamចូលចត និងជួយសង្គ្រោះភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍នៅលើនាវា ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ហើយកម្ពុជាក៏បានរៀបចំកិច្ចប្រជុំអាស៊ាន ហើយថ្មីៗនេះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យ និងមានការសាទរពីអន្តរជាតិ។ គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ព្រោះបុព្វហេតុរបស់ប្រជាជន គឺជាបុព្វហេតុរបស់គណបក្សកម្ពុជា ហើយមានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងជាមរតកបន្សល់ទុកសម្រាប់ប្រជាជន ដោយឡែកការដោះស្រាយផ្នែកទន់ គឺដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរបបសន្តិសុខសង្គម បានផ្តល់ថវិកាជូនគ្រួសារក្រីក្ររងផលប៉ះពាល់ជំងឺកូវីដ-១៩ លើសពីនេះ ក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពដោយមិនមានការបង់ប្រាក់រហូតកុមារអាយុពីរឆ្នាំ ទទួលថវិកាពីរាជរដ្ឋាភិបាលសរុបចំនួន ៧៦ម៉ឺនរៀល ហើយចាប់ពីថ្ងៃទី១ ខែសីហា ២០២៣នេះ គ្រួសារក្រីក្រមានផ្ទៃពោះទទួលបានការពិនិត្យសុខភាព និងទទួលបានថវិកាទ្វេដងថែមទៀត នេះជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជួយកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារកមានការថយចុះ ព្រមទាំងកម្មវិធីប្រាក់សោធន៍និវត្តជូនដល់កម្មករ និយោជិតរោងចក្រ សហគ្រាស និងអ្នកបំរើការងារសេវាក្រៅប្រព័ន្ធផងដែរ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនមន្ត្រីរាជកាជានិវត្តជនចំនួន ៣៦៥នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។