រសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំថា រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ មួយករណីប្រកបដោយជោគជ័យ ហើយវិធានចំពោះមុខរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិត្យ និងការគ្រប់គ្រងបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្រ្តរបស់ខ្លួនដោយការទទួលខុសត្រូវ ដោយផ្តោតសំខាន់លើការងារអប់រំតាមយន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ហើយលទ្ធផលដែលល្អនោះ គឺការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ដើម្បីរួមគ្នាគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាពនៅពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ជំរើសល្អ គីយើងរួមគ្នាជម្រុញការចុះបញ្ជីដីធ្លីទាំងដីរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីមានតម្លាភាពក្នុងការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល ហើយយុទ្ធនាការបង្កា ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធបង្កើនការតាមដានតាមជំនាញរៀងៗខ្លួន ក្នុងការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដូចជា មន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ទីរធនធានទឹក អាជ្ញាធរក្រុង ស្រុក ជម្រុញការចុះបញ្ជីដីរដ្ឋ បើយើងមិនបានចុះបញ្ជីឱ្យបានលឿននោះទេ វាអាចបង្កើតជាគោលដៅនៃការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ ទន្ទឹមនោះក្រុមការងារត្រូវបំពេញការងារឱ្យបានម៉ឺងម៉ាត់ ដោយមិនប្រើអំពើរហឹង្សា ប្រកបដោយស្មារតីទទួលខុសត្រូវតាមជំនាញនីមួយៗបង្កើនការគ្រប់គ្រង ផ្អែកតាមអនុសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋយើងត្រូវខិតខំធ្វើយ៉ាងណាយកការអប់រំជាធំ ដោយប្រើប្រាស់តាមវិធានរដ្ឋបាល ព្រោះនៅខេត្តព្រះសីហនុ មិនមានការកាប់ព្រៃយកឈើនោះទេ គឺជាការកាប់ព្រៃយកដី ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរ អង្គភាពត្រូវជម្រុញការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានលឿន ដើម្បីកាត់បន្ថយការចូលទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ស្រុករបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។