រសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារៈ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលបានពីបងប្អូនសប្បុរសជន ដើម្បីយកទៅប្រើប្រាស់បម្រើឱ្យសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹង និងកុមារកំព្រាជាដើម។
ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណ និងអរគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសក្នុង និងក្រៅខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាកក្នុងសកម្មភាពមនុស្សធម៌ការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តមានថវិកា សម្ភារៈ និងធនធានយកមកបម្រើនូវសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៀត ជាពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន ។ល។ ហើយសាខាកាកបាទក្រហមខេត្តព្រះសីហនុ រង់ចំទទួលការបរិច្ចាករបស់បងប្អូនសប្បុរសជនពីគ្រប់ទិសទី និងគ្រប់ពេលវេលា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺនៅរង់ចាំទទួលពីសប្បុរសជនតាមសុទ្ធាក្នុងការចូលរួមបរិច្ចាកមកសាខា ទោះបីថវិកា ឬសម្ភារ:ក៏ដោយ នេះជាទឹកចិត្តមនុស្សធម៌របស់បងប្អូនសប្បុរជន។
សប្បុរសជនដែលបានចូលរួមរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានចំនួន ១៩នាក់ ៖
១. លោក រស់ សុខគីម ប្រធានផ្សារលើ និងអាជីវករផ្សារលើ ៨,០០០,០០០រៀល
២. លោកស្រី លាង ហ៊ាង ម្ចាស់ហាង 555 ២០០,០០០រៀល
៣. លោក គៀង ថ្លឹង ១,០០០,០០០រៀល អង្ករ ៥០០គីឡូក្រាម
៤. លោក ខុម សុភ័ក្រ ម្ចាស់តូប (អ្នកក្រលក់គុយទាវថៃ) ១០០ដុល្លា
៥.លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ៤,០០០,០០០រៀល
៦.សាខាពន្ធដារ ខេត្តព្រះសីហនុ ៦១០,០០០រៀល
៧. លោក សុខ រស្មី អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ១,០០០,០០០រៀល
៨.លោក ស្រី សុវណ្ណារិទ្ធ អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ១,០០០,០០០រៀល
៩.មន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ ៥០០,០០០
១០.លោក វ៉ែង ប៊ុនលី ម្ចាស់ក្រុមហ៊ុន លីអ៊ែនហួង គ្រុប ២,០០០,០០០រៀល
១១.លោក សោម សាវ៉ាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ ៥០០,០០០រៀល
១២.លោក ញ៉ាញ់ ស៊ីថន ម្ចាស់ក្រុមហ៊ុន ហ្គោលឌិនឡាអិន បេតុងលាយស្រេច GLDC 1,000ដុល្លាអាមេរិក
១៣.លោកស្រី ទឹម គឹមស តូបលេខ១១៥៥ ៨០,០០០រៀល
១៤.លោកស្រី តឿ គន្ធា តូបលេខ ១០៨៩ ៨០,០០០រៀល
១៥.លោក ប៊ុន ហូង តូបលេខ ៩៣៣ ថវិកា ៨០,០០០រៀល
១៦.លោកស្រី សិន្ធិ ម៉ូលីកា តូបលេខ ៤៦៨ ថវិកា ៦០,០០០រៀល
១៧លោកស្រី រ៉ា ស្រីដេត តូបលេខ១១៨៥ ថវិកា ៥០,០០០រៀល
១៨.លោកស្រី ម៉ាក់ សោមាន តូបលេខ៧៥១ ថវិកា ៥០,០០០រៀល
១៩.លោកស្រី ជីវ ឆែ តូបលេខ២៧០ ថវិកា ៥០,០០០រៀល ៕