នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ ទទួលយកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ក្នុងចំណោម ២៥០គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយឈ្នះឈ្នះរបស់រដ្ឋបាលខេត្ត ក្នុងការដែលមានទំហំ ៥x២០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានកោតសរសើរក្រុមការងារអន្តរវិស័យដែលបានខិតខំចុះស្រាវជ្រាវអង្កេតដោយការទទួលយកខុសត្រូវខ្ពស់ ព្រមទាំងអរគុណធនាគារកាណាឌីយ៉ា ដែលបានសុខចិត្តលះបង់បរិច្ចាគដីតាមការស្នើសុំរបស់រដ្ឋបាលខេត្ត ដោះស្រាយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រោះទីតាំងដីនេះមានប្រវត្តិនៃការចូលកាន់កាប់របស់ប្រជាពលរដ្ឋនៅលើដីមានប្លង់កម្មសិទ្ធស្របច្បាប់របស់ធនាគារកាណាឌីយ៉ា ក៏ប៉ុន្តែធនាគារមិនបានកាន់កាប់ជាប់លាប ដែលបណ្តាលឱ្យប្រជាពលរដ្ឋនាំគ្នាមកកាន់កាប់ និងរស់នៅរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលជាមួយធនាគារកាណាឌីយ៉ា ក្នុងការដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ក្នុងចំណោម ២៥០គ្រួសារ ទទួលយកនូវគោលនយោបាយនេះ ហើយរដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជូនប្រជាពលរដ្ឋដែលនៅសេសសល់ បើគាត់ស្ម័គ្រចិត្តទទួលយកគោលនយោបានឈ្នះឈ្នះនេះ រដ្ឋបាលខេត្តនឹងធ្វើការសម្របសម្រួលបន្តចាប់ឆ្នោតជូនពួកគាត់បន្តទៀត ប្រសិនបើគាត់មិនព្រមទទួល យក គឺរដ្ឋបាលខេត្តព្រះសីហនុ មានតែអនុវត្តទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ដីរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយការចាប់ឆ្នោតនាពេលនេះ គឺជាការបញ្ជាក់ពីសក្ខីភាពនឹងនរ និងការទទួលបានដីឡូត៍យ៉ាងពិតបា្រកដសម្រាប់បងប្អូនប្រជាពលរដ្ឋទាំង ១៦១គ្រួសារ ហើយរដ្ឋបាលខេត្ត បន្តសហការជាមួយខាងធនាគារកាណាឌីយ៉ា ដើម្បីបំពេញនីតិវិធីកាត់ប្លង់ចេញពីប្លង់របស់ធនាគារកាណាឌីយ៉ា ដើម្បីយកមកធ្វើការបែងចែកជូនប្រជាពលរដ្ឋដែលបានទទួលលេខក្បាលដីនៅពេលចាប់ឆ្នោតនេះ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលចាប់បានដីឡូត៍ណាមួយ គឺជាភាពសុខសាន្ត ដោយមិនមានការភ័យក្លាយពីការបាត់បង់ដីធ្លីរបស់បងប្អូន ព្រមទាំងមានសិទ្ធកាន់កាប់ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងបានណែនាំមិនត្រូវនាំគ្នាទៅបំពានចាប់យកដីដែលមានកម្មសិទ្ធស្របច្បាប់របស់អ្នកដទៃ ក៏ដូចជាចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់បន្តទៀតនោះទេ។