ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម អើម៉ីនី គូប៉ា ឡូប៉ស (Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានជំរាបជូនពីគោលបំណងដែលឯកឧត្តម បានមកធ្វើទស្សនកិច្ចជាលើកទី២ លើកទី១ ៣ឆ្នាំមុន កម្ពុជា និងទីម័រឡេស្ត ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំដ៏ល្អមួយមានភាពអស់ចារបំផុតលើពិភពលោក មិនមែនសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន។ ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះឯកឧត្តម អភិបាលខេត្ត បានរៀបចំទីក្រុងមានភាពស្រស់ស្អាត ឆ្នេរសមុទ្រសស្អាតស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូនការបោះឆ្នោតនៅទីម័រឡេស្ត មានគណបក្សនយោបានចូលរួមចំនួន៧០ គណបក្សនយោបាយបានផ្តល់ការទុកចិត្តគាំទ្រឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រ ម្តងទៀតក្នុងការដឹកនាំប្រទេសទីម័រឡេស្ត ហើយកម្ពុជាជាគំរូសម្រាប់ប្រទេសទីម័រ ក្នុងការអភិវឌ្ឍប្រទេសនាពេលខាងមុខ។ ប្រទេសទីម័រ មានតំបន់មួយជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ជាតំបន់មានឆ្នេរសមុទ្រដូចកម្ពុជាដែរ ក៏ប៉ុន្តែមិនទាន់មានការអភិវឌ្ឍនៅឡើយ ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងសិក្សាឈ្វេងយល់ពីសក្តានុពព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្ត សូមអញ្ជើញគណៈប្រតិភូ និងឯកឧត្តម អភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរការអភិវឌ្ឍរវាងគ្នាដូចនឹងខេត្តព្រះសីហនុនៅពេលខាងមុខ ក្រៅពីនោះរដ្ឋាភិបាលប្រទេសទីម័រឡេស្ត បានចុះហត្ថលេខា ស្តីពីការហោះហើរត្រង់ពីទីម័រមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ប្រទេសទីម័រ និងជម្រុញឱ្យមានការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ និងសូមជូនពរឱ្យដំណើរការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋកម្ពុជា និងជ្រើសរើសមេដឹកនាំដែលមានអនាគតល្អ ដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដែលបានមកបំពេញបសកកម្មនៅខេត្តព្រះសីហនុ ហើយខ្ញុំក៏មានការរំភើប ស្តីពីការចាប់អារម្មណ៍ និងការគាំទ្រសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាវីរបុរសមានភាពក្លាហាន តស៊ូលះបង់ ការឈរនៅជាមួយប្រជាពលរដ្ឋ ការអភិវឌ្ឍប្រទេសជាតិ ជម្រុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ កម្ពុជា និងប្រទេសទីម័រ មានអតីតកាលស្ថិតនៅក្រោមអនានិគមនិយមដូចគ្នា។
ឯកឧត្តម អភិបាលខេត្ត សូមអរគុណរដ្ឋាភិបាលទីម័រឡេស្ត បានមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា បង្ហាញពីមិត្តភាព កិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ាន ផ្តើមចេញពីព្រឹត្តិការណ៍ស៊ីហ្គេមធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អបន្ថែមទៀត សម្តេចតេជោ បានប្រកាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ គាំទ្រប្រទេសទីម័រក្លាយជាសមាជិកអាស៊ានទី១១ សង្ឃឹមថា ប្រទេសទីម័រ និងក្លាយជាសមាជិកអាស៊ានពេញលេញនៅពេលខាងមុខ ទាក់ទងការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ យើងអាចរកក្រុមហ៊ុនអាកាសចរណាមួយធ្វើអាជីវកម្ម ផ្តល់ឱកាសឱ្យប្រទេសទាំងពីរមានភាពងាយស្រួលទាក់ទងគ្នារវាង ក្រុងរបស់យើងទាំងពីរកាន់តែជិតគ្នា។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសក្តានុពលបែបធម្មជាតិ ហើយក្រុងព្រះសីហនុការអភិវឌ្ឍលឿន ទន្ទឹមនោះវា ក៏មានប្រឈមជាច្រើន ទាមទារឱ្យយើងមានការដោះស្រាយកាន់តែច្រើនផងដែរ ព្រោះការអភិវឌ្ឍតិច បញ្ហាប្រឈមតិច ការអភិវឌ្ឍច្រើនបញ្ហាប្រឈមកាន់តែច្រើន និងសូមជូនពរដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅខេត្តព្រះសីហនុទទួលបានលទ្ធផលជាផ្លែផ្កា។