រសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលបានពីបងប្អូនសប្បុរសជន ដើម្បីយកទៅប្រើប្រាស់បម្រើឱ្យសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹង និងកុមារកំព្រាជាដើម។
ឯកឧត្ដម គួច ចំរើន បានថ្លែងអំណរគុណ និងអគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសក្នុង និងក្រៅខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្តមានថវិកា សម្ភារៈ និងធនធានយកមកបម្រើនូវសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗទៀត ជាពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន។ល។ ហើយសាខាកាកបាទក្រហមខេត្តព្រះសីហនុ រង់ចាំទទួលការបរិច្ចាគរបស់បងប្អូនសប្បុរសជនពីគ្រប់ទិសទី និងគ្រប់ពេលវេលា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺនៅរង់ចាំទទួលពីសប្បុរសជនតាមសុទ្ធាក្នុងការចូលរួមបរិច្ចាគមកសាខា ទោះបីថវិកា ឬសម្ភារៈក៏ដោយ នេះជាទឹកចិត្តមនុស្សធម៌របស់បងប្អូនសប្បុរជន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកា និងសម្ភារៈពីសប្បុរសជនចំនួន ៤លើក ក្នុងឱកាសទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ក្នុងនោះលើកទី១ ទទួលបានថវិកា ចំនួន ១២៥,៥១៥,០០០រៀល និង ៣៣៥,៣៧២ដុល្លាអាមេរិក លើកទី២ ថវិកាចំនួន ១៣២,៨៦៥,០០០រៀល និង ៣៥៧,៧៧២ដុល្លាអាមេរិក និងលើកទី៣ ថវិកាចំនួន ៨២ ៧៦៥ ០០០រៀល និងដុល្លា ១៤៥ ០៥០ដុល្លាអាមេរិក៕