ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការរបស់គណកម្មការសាងសង់បានឱ្យដឹងថា ផ្លូវបេតុងអន្តរឃុំមួយខ្សែនេះ ឆ្លងកាត់ឃុំចំនួនពីរមានដូចជា ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ ខេត្តព្រះ សីហនុ មានប្រវែង ២ ៥៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជម្រុញការអភិវឌ្ឍទៅដល់ឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។ ដែលកន្លងមករដ្ឋបាលខេត្តបានជម្រុញការអភិវឌ្ឍឱ្យទៅដល់មូលដ្ឋានឃុំ សង្កាត់នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយើងបានធ្វើការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ ដោយក្នុងមួយឃុំ សង្កាត់ឱ្យទទួលបានមួយគម្រោងសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ២០២៣ និងបន្តធ្វើការអភិវឌ្ឍផ្លូវបេតុងបន្ថែមទៀតនៅបណ្តាឆ្នាំខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំងពីរឃុំខាងលើ ដោយបានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត និងជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានប្រើប្រាស់ជាសម្បត្តិសាធារណនៅក្នុងមូលដ្ឋាន ទន្ទឹមនឹងទទួលបានសមិទ្ធផលថ្មីនេះ សូមបងប្អូនដែលនៅអមសងខាងផ្លូវបេតុងនេះ ត្រូវចូលរួមថែរក្សា ការពារផ្លូវបេតុងនេះឱ្យបានគង់វង្សក្នុងការប្រើប្រាស់បានយូរអង្វែង ផ្លូវបេតុងនេះ វាជួយសម្រួលចរាចរណ៍ដឹកជញ្ជូនកសិផល និងសម្រួលឱ្យកូនចៅរបស់យើងមានផ្លូវល្អងាយស្រួលធ្វើដំណើរទៅកាន់សាលារៀន និងទីកាន់ទីប្រជុំជននានាក្នុងស្រុកព្រៃនប់ និងមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវរៀបចំត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់គ្នាកុំបីខាននៅតាមទីតាំងសាលារៀនដែលនៅជិតផ្ទះ។
ប្រជាពលរដ្ឋរស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំដែងការសាទរដែលរដ្ឋបាលខេត្តព្រះសីហនុបានជួយសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋពីរឃុំកាន់តែមានភាពងាយស្រួល កាលពីមុនផ្លូវនេះជាផ្លូវដីមានទំហំតូច ពិបាកក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា តែពេលនេះប្រជាជនឃុំអូរជ្រៅ ក៏ដូចជាឃុំបឹងតាព្រហ្ម ទទួលបានផ្លូវបេតុងតភ្ជាប់គ្នាជាចំណងដៃ មិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពល រដ្ឋនៅតាមជនបទឪ្យមានផ្លូវល្អស្អាតដូចនៅទីប្រជុំជនទីក្រុង និងសកសមជាខេត្តទេសចរណ៍នាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា។