ព្រឹកថ្ងៃច័ន្ទ ២រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀមប្រឡងថ្នាក់ជាតិនៅខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ថាសកម្មភាពវិស័យអប់រំនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ មន្ទីរបានជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត មានថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ០៦នាក់ ក្នុងនោះថ្នាក់ទី៩ ចំនួន ០៣នាក់ មានភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា និងថ្នាក់ទី១២ ចំនួន ០៣នាក់ ភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដើម្បីត្រៀមប្រឡងសិស្សពូកែថ្នាក់ជាតិនៅខេត្តបាត់ដំបងនាពេលខាងមុខ។ ចំណែកក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣ មានចំនួន ៥នាក់ មកពីវិទ្យាល័យកំពង់សីលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានធ្វើការប្រឡង តាម (អនឡាញ) ជុំទី១ រហូតជុំទី៤ ទទួលបានជោគជ័យជាបន្តបន្តាប់ជាមួយសិស្សមកពីសាលា នៃរាជធានីក្រុង ខេត្តទាំង២៥ និងត្រៀបចូលរួមប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៥ បន្តទៀតនៅរាជធានីភ្នំពេញនាពេលខាងមុខ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការកោតសរសើរចំពោះក្មួយសិស្សពូកែថ្នាក់ខេត្តមកពីសាលាក្នុងខេត្តព្រះសីហនុ និងក្រុមយុវជនជជែកដេញដោលថ្នាក់ខេត្ត ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទទួលបានលទ្ធផលជាបន្តបន្ទាប់ ហើយក៏ជាមោទនភាពសម្រាប់លោកគ្រូ អ្នកគ្រូរបស់យើងដែលបានជួយបណ្តុះបណ្តាលក្មួយៗឱ្យមានចំណេះដឹងទទួលបានលទ្ធផលជាបន្តបន្ទាប់ ពិសេសអ្នកស្រុកកំពង់សីលាមានការវិវឌ្ឍរីកចម្រើនលើវិស័យអប់រំ ហើយសាលាផ្សេងៗក៏បានជួយបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពផងដែរ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ការជួបជុំនាពេលនេះជាឱកាសល្អ ដែលខេត្តព្រះសីហនុ មានទំពាំងល្អ មានការលើកទឹកចិត្តពីអាណាព្យាបាលធ្វើឱ្យក្មួយមានសមត្ថភាពដោយមានការគាំទ្រពីអ្នកពាក់ព័ន្ធមានដូចជា លោកគ្រូ អ្នកគ្រូរបស់យើងក្នុងការជួយបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក ក្មួយៗត្រូវខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យកាន់តែខ្ពស់បន្ថែមទៀត ទន្ទឹមនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់អណាព្យាបាលផងដែរ។ ភាពពូកែឆ្លាតវៃ វានៅរាយប៉ាយគ្រប់តំបន់ទាំងអស់ មិនមែនសាលាល្អ គ្រូល្អមាននៅទីក្រុង ទីប្រជុំជននោះទេ ក៏ប៉ុន្តែគ្រូល្អ សិស្សល្អមានតាមក្រុង ស្រុក ហើយស្រុកកំពង់សិលានាពេលនេះ បានធ្វើការបណ្តុះបណ្តាលធនធានមនុស្សបានល្អសម្រាប់ឆ្នាំសិក្សា២០២៣នេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំ ទទួលបានលទ្ធផលល្អ ក្មួយៗត្រូវខិតខំរៀនសូត្រក្លាយជាទំពាំងស្នងឬស្សីនៅពេលអនាគត ក្មួយៗត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលជ័យលាភីសម្រាប់ខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួន ត្រៀមចិត្ត និងអារម្មណ៍ចូលរួមប្រកួតថ្នាក់ជាតិ ដើម្បីកិត្តិយសសាលា និងខេត្តរបស់យើង ដូច្នេះត្រូវចេះប្រើប្រាស់ឱកាសឱ្យបានត្រឹមត្រូវផ្តោតអារម្មណ៍ក្នុងការប្រឡងឱ្យបានពេញលេញតាមជំនាញ និងសមត្ថភាពរបស់ខ្លួន។
ឯកឧត្តម អភិបាលខេត្ត ជូនពរក្មួយៗទាំងពីរក្រុមទទួលបានជោគជ័យ និងឈានទៅការប្រឡងសិស្សពូកែថ្នាក់តំបន់អាស៊ានបន្តទៀត ហើយសន្យាបន្តការគាំទ្រលើកទឹកចិត្តកូនខ្មែរដែលរស់ក្រោមដំបូលសន្តិភាព មានលទ្ធភាពចូលរួមប្រកួតលក្ខណអន្តជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងឈានទៅប្រឡងថ្នាក់ពិភពលោកនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនសិស្សពូកែថ្នាក់ជាតិ និងក្រុមយុវជនជជែកដេញដោលសរុបចំនួន ១១នាក់ ក្នុងម្នាក់ ១លានរៀល និងគ្រូចំនួន ១០នាក់ ម្នាក់ ៥០ម៉ឺនរៀល។