នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ។
នៅក្នុងកិច្ចពិភាក្សានេះ លោកអភិបាលរងបានលើកឡើងអំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្ត ជាពិសេសអំពីផែនការមេដើម្បីអភិវឌ្ឍខេត្ត
ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, គោលនយោបាយដោះស្រាយគម្រោង
វិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពី
ខែមីនា ឆ្នាំ២០២៣កន្លងទៅ និងបានធ្វើបច្ចុប្បន្នភាពទៅលើការចូលរួមជាសមាជិកនៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង(AIMF) របស់ខេត្តព្រះសីហនុផងដែរ។
គណៈប្រតិភូជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជាមួយគ្នានេះ សភាពាណិជ្ជកម្មបារាំងនៅកម្ពុជា ក៏មានគម្រោងរៀបចំវេទិកាធុរៈកិច្ចនៅ ខេត្តព្រះសីហនុ នាត្រីមាសទី៣ ឆ្នាំ២០២៣នេះ។
ជាការឆ្លើយតប លោកអភិបាលរងបានអំពាវនាវឱ្យសភាពាណិជ្ជកម្មបារាំងនៅកម្ពុជាពិចារណា រៀបចំកម្មវិធីផ្គូផ្គងធុរៈជនមួយក្នុងពេលជាមួយគ្នា ដើម្បីបង្កើតឱកាស និងផ្តល់លទ្ធភាពឱ្យវិនិយោគិនខ្មែរស្វែងរកដៃគូសហការបន្ថែមទៀត។