នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល គួច ចំរើន អញ្ជើញចូលរួមអបអរសារទរខួប២០ឆ្នាំ នៃបេសកកម្មមនុស្សធម៌របស់អង្គការម្លប់តាប៉ាង និងទិវាកុមារអន្តរជាតិលើកទី៧៤ នៅអង្គការម្លប់តាប៉ាង ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អង្គការដៃគូ និងអាណាព្យាបាលកុមារ និងកុមារសរុប៧៥០នាក់។
លោកអភិបាលរងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការម្លប់តាប៉ាង ដែលបានចូលរួមចំណែកជួយបណ្តុះបណ្តាល អប់រំកុមារតូចៗនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានជួយតម្រង់ទិសកុមាររងគ្រោះ ងាយរងគ្រោះ តាមរយៈការអប់រំបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ពិគ្រោះយោបល់ ផ្តល់បំណិនជីវិត ផ្តល់អាហារូបត្ថម្ភ និងការអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម។ ការបង្កើតអង្គការម្លប់តាប៉ាង ឈរលើស្មារតី និងឧត្តមគតិមនុស្សធម៌ បាននឹងកំពុងផ្តល់ឱកាសរៀនសូត្រទទួលបានបំណិនជីវិតថ្មីៗ ដល់កុមារកម្ពុជា ដើម្បីលូតលាស់នៅក្នុងសហគមន៍ក្នងនាមជាពលរដ្ឋល្អ កូនល្អរស់នៅប្រកបដោយភាពថ្លៃថ្នូ។
ជាមួយគ្នានេះ លោកអភិបាលរងបានអំពាវនាវឱ្យឪពុកម្តាយ អាណាព្យាបាលកុមារ ផ្តល់ការសហការជាមួយអង្គការ លើកទឹកចិត្តឱ្យកូនចៅ មកទទួលការគាំពារផ្សេងៗ ដែលអង្គការផ្តល់ជូនទៅតាមតម្រូវការចាំបាច់ ក្នុងគោលបំណងចង់ឃើញកុមារទាំងអស់រស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍មានសុខភាពល្អ សុវត្ថិភាព គ្មានការរើសអើង មានការអប់រំក្លាយជាពលរដ្ឋល្អ នឹងមានជម្រើសវិជ្ជមាននៅថ្ងៃអនាគតជាជាងឱ្យកុមារដើររកប្រាក់ចំណូលនៅតាមទីកន្លែងដែលគ្មានសុវត្ថិភាព និងខកខានឱកាសរៀនសូត្រ។
ក្នុងឱកាសនេះលោកអភិបាលរង ក៏បានប្រគល់ជូននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី ម៉ាការរ៉េត អុីលីហ្សាបេត ជេន អីណូ (MARGARET ELIZABETH JANE ENO) ដែលក្នុងឋានៈជាស្ថាបនិក និងជាសហនាយិកា នៃអង្គការម្លប់តាប៉ាង លោកស្រីបានខិតខំហ្វឺកហាត់ពង្រឹងសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងបានលះបង់ទាំងកម្លាំងកាយ ចិត្តជួយកុមារកម្ពុជាដោយមិនរួញរា អស់រយៈពេល២០ ឆ្នាំកន្លងមក។