រសៀលថ្ងៃព្រហស្បត្តិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ មកពី ៤តំបន់ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ ដោយមានសិក្ខាកាមមកពីរាជធានី ខេត្តពាក់ព័ន្ធ សរុបចំនួន ២៥០នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បី៖ -បង្កើនសមត្ថភាពជំនាញ ចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ -ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ -បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្តការងារ និងផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពុងជួបប្រទះ គឺឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។ ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដំណើរការ នៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្ដម្ភសម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានការប៉ះពាល់ដល់វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង យើងបានបំពាក់កាំម៉ារ៉ាសុវត្ថិភាពចំនួន ៥៥០គ្រាប់នៅតាមបង្គោលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ដើម្បីការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានកាន់តែទំនើប សូមជួយការគាំទ្រវិវិស័យប្រៃណីយ៍ ព្រោះវាមានសារៈសំខាន់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង វិស័យប្រៃណីយ៍ ក៏ជាវិស័យអទិភាពសម្រាប់សង្គមជាតិ សេចក្តីប្រើប្រាស់កាន់តែមានទំហំធំទូលាយ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍បិទសិក្ខាសាលា មានសារៈសំខាន់ផ្សព្វផ្សាយពាក់ព័ន្ធនឹងរដ្ឋបាលរាជធានី ខេត្ត វាមានសារៈសំខាន់ត្រូវការពេលវេលា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើការប្រែក្លាយខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ដើម្បីផលប្រយោជន៍រវាងក្រសួងប្រៃសណីយ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ហើយអ្វីមានសារៈសំខាន់៖១.ការកែទម្រង់របស់ក្រសួងប្រៃសនីយ៍រយៈពេល ៣ឆ្នាំ ទទួលបានជោគជ័យ ១០០ភាគរយ ក្នុងការអភិវឌ្ឍវិស័យរបស់ខ្លួន និងវិស័យផ្សេង ២.មន្ត្រីប្រៃសណីយ៍បានទទួលការបណ្តុះបណ្តាល និងទទួលបានប្រាក់ឧបត្ថម្ភត្រូវបានកើនឡើងនៅថ្នាក់កណ្តាល ការកែទម្រង់នេះធ្វើឱ្យមន្រ្តីរាជការសប្បាយចិត្ត។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។