នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា ក្រោមប្រធានបទ “គោលដៅរួមតែមួយរីកចម្រើនរួមគ្នា” “One Common Goal: Growing Together” កម្ពុជា វៀតណាម ថៃ នៅខេត្តព្រះសីហនុ រយៈពេល ៥ថ្ងៃ មានភ្ញៀវចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ ១ពាន់នាក់ ដោយមានថ្នាក់ដឹកនាំក្រសួងទេសចរអភិបាល-អភិបាលរងខេត្តតំបន់ឆ្នេរប្រទេស ទាំង៣ រាជធានី ខេត្ត វិស័យឯកជន សារព័ត៌មាន និងធុរជន អ្នកលក់ អ្នកទិញសរុបប្រមាណ ២០០នាក់និង (ភ្ញៀវអន្តរជាតិប្រមាណ ៥០នាក់)។
កិច្ចប្រជុំស្ដីពីការជំរុញលំហូរទេសចរតំបន់ឆ្នេរ នៃរបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ដឹកនាំឯកឧត្តម លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ កិច្ចប្រជុំបានពិភាក្សាលើឱកាស និងបញ្ហាប្រឈម ការជំរុញលំហូរទេសចរតាមបណ្តាខេត្តតំបន់ឆ្នេររវាងកម្ពុជា វៀតណាម ថៃ ផ្ដោតលើ ៤ ចំណុចគឺ ការសម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ការអភិវឌ្ឍន៍ និងវិនិយោគផលិតផលទេសចរណ៍ ការផ្សព្វផ្សាយព្រឹត្តិការណ៍CVTECនិងទេសចរណ៍ និងយុទ្ធសាស្ត្រCVTEC។
កម្មវិធីជំនួបធុរកិច្ចទេសចរណ៍រវាងអ្នកលក់ និងអ្នកទិញ និងសារព័ត៌មានអន្តរជាតិ ដែលបានចូលរួមបានវាយតម្លៃខ្ពស់ចំពោះខេត្តព្រះសីហនុដែលមានមន្ទីទេសចរណ៍ និងសភាពាណិជ្ជកម្មជាអ្នកសម្របសម្រួលរៀបចំ មានការគាំទ្រដោយក្រសួងទេចរណ៍ ដែលបានរៀបចំកិច្ចប្រជុំ អមដោយព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា មានលក្ខណៈល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ សង្ឃឹមថានឹងមានលំហូរភ្ញៀវទេសចរជាតិ អាស៊ាន និងអន្តរជាតិចូលមកកាន់គោលដៅទេសចរណ៍តំបន់ឆ្នេរនៃប្រទេសទាំង៣ កាន់តែច្រើនឡើងនៅពេលខាងមុខ។ ប្រតិភូ អ្នកលក់អ្នកទិញ និងអ្នកសារព័ត៌មានអន្តរជាតិ និងនាំយកនូវលទ្ធផលដែលទទួលបានពីការចូលរួមពិព័រណ៍CVTEC ទៅផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងភ្ញៀវទេសចរឱ្យបានទូលំទូលាយបន្ថែមទៀត។
ឯកឧត្តម ម៉ាង ស៉ីណេត មានប្រសាសន៍បិទព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) នៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ ដោយកោតសរសើរក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងសភាពាណិជ្ជកម្ម-ឧស្សាហកម្ម សមាគមទេសចរណ៍ ធុរៈកិច្ចទេសចរណ៍ Group of Buyer and Seller និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានចំណាយពេលវេលា និងធនធាន ព្រមទាំងបានចូលរួមសហការយ៉ាងសកម្មធ្វើឱ្យ ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។
ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា នៃប្រទេសទាំងបីគឺ មានសារៈសំខាន់ និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» ដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ សំដៅលើការទាក់ទាញភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ឱ្យកាន់ច្រើននៅឆ្នាំ២០២៣ និងផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងផ្សព្វផ្សាយ « ផែនការយុទ្ធសាស្ត្រ និងទាក់ទាញទេសចរជាតិអន្តរជាតិ រវាងខេត្តតាមតំបន់ឆ្នេរនៃប្រទេស កម្ពុជា វៀតណាម និងថៃ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ជាពិសេសតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក»៕