ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ២០២៣ ដើម្បីឧទ្ទិសមហាកុសលជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានបាត់បង់ ជីវិតដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ឧសភា បាននិមន្តព្រះសង្ឃចំនួន ៤៤អង្គ សូត្រមន្តបង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសលផលបុណ្យជូនដល់មរណជន ដែលបានចែកឋានដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។ ទិវាជាតិ នៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសកម្មភាព ដ៏មានអត្ថន័យយ៉ាងសំខាន់បញ្ជាក់ឱ្យយើងឃើញថា ទោះបីរឿងនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង ៤៤ឆ្នាំកន្លងហើយ ក៏ដោយ ក៏ប៉ុន្តែវាជារឿងឈឺចាប់ និងមិនអាចបំភ្លេចបាននូវមហាសោកនាដកម្មនៃប្រល័យពូជសាសន៍ ធ្វើឱ្យបងប្អូនជនរួមជាតិទាំងអស់ ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុក ជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទោះបីប្រជាជនជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៏ដោយ ពួកគាត់និងសិក្សាស្វែងយល់ពីប្រវត្ថិសាស្ត្រដ៏ជូរចត់។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាប្រវត្ថិសាស្ត្រត្រូវនិងបានទទួលស្គាល់ពាសពេញពិភពលោក តាមរយៈការនាំយកមេដឹកនាំ នៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ដែលយើងអាចនិយាយបានថា ការជំនុំជំរះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួសទាំងផ្លូវកាយ ផ្លូវចិត្តជូនដល់ជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាពេលកន្លងមកដែលមិនអាចបំភ្លេចបាន។