រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្តកោះកុង ខេត្ត កំពត ខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រធានសភាពាណិជ្ជ កម្ម សមាគមទេសចរណ៍ អ្នកលក់ អ្នកទិញធុរៈកិច្ចទេសចរណ៍ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត ថ្លែងស្វាគមន៍ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) លើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី ស្របពេលដែលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ (ពិន្ទុខ្ពស់ជាងគេ) ក្នុងចំណោមក្រុង-ខណ្ឌចំនួន៧ ទូទាំងប្រទេសដែលទទួលបានជ័យលាភីទីក្រុងស្អាត ផ្ការំដួល៣ទង និងចំណាត់ថ្នាក់លេខ២ ទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២២ និងចំណាត់ថ្នាក់ឆ្នេរស្អាតកម្រិតល្អណាស់ នៅក្នុងចលនាប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” ដើម្បីលើក កម្ពស់កិត្តិនាមទេសចរណ៍កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅនៅលើទីផ្សារទេសចរណ៍សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនឆ្នាំ២០២៣ និងផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្កើនឧត្តមភាពប្រកួត ប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងផ្សព្វផ្សាយ « ផែនការយុទ្ធសាស្រ្ត និងទាក់ទាញទេសចរជាតិ អន្តរជាតិខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម និងថៃ ការផ្សព្វ ផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ផ្ទាល់ទៅកាន់ពិភពលោក»។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) អមដោយការរៀបចំតាំងពិព័រណ៍ ការប្រគុំតន្ត្រី សិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរ ការទស្សនាតាមបណ្ដាកោះ និងរមណីដ្ឋាននានា ការប្រណាំងកង់ចម្ងាយ ៣៥គីឡូម៉ែត្រ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតបាល់ទាត់មហាជនក្នុងក្របខណ្ឌសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៃច្រករបៀងកម្ពុជា វៀតណាម ថៃ (CVTEC)ដងដែរ។ សូមជូនពរឱ្យដំណើរការនៃព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាកម្ពុជា វៀតណាម ថៃ (CVTEC) ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលត្រចះត្រចង់ដូចការគ្រោងទុក។