នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូកម្ពុជា អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីគណៈប្រតិភូកីឡាករ កីឡាការិនីទាំង ៥ប្រទេស។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀបចំការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ត្រូវបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ៣ប្រភេទមានដូចជា កីឡាទូកក្តោង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ បាល់ទះលើឆ្នេរខ្សាច់ចាប់ផ្តើមប្រកួតពីថ្ងៃទី១១ ដល់១៦ ខែឧសភា ឆ្នាំ២០២៣ និងកីឡាម៉ូតូទឹក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
តាមរបាយការណ៍ប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ នៅលើទឹកដី នៃខេត្តព្រះសីហនុ មានគណៈកម្មការបច្ចេកទេសអន្តរជាតិចូលរួមចំនួន ២២នាក់ ក្នុងនោះស្រី ៥នាក់ គណៈកម្មការថ្នាក់ជាតិចំនួន ៤២នាក់ ស្រី ៤នាក់ និងប្រតិភូកីឡាករ កីឡាការិនីខ្លាំងៗកម្រិតអន្តរជាតិ និងពិភពលោកចំនួន ១៥០នាក់។ ក្នុងនោះ ១.កម្ពុជា មានប្រតិភូក្លឹប Flamingo ៣៩នាក់ កីឡាករ ១០នាក់ ២.ប្រទេសថៃ មានប្រតិភូចំនួន ២៨នាក់ កីឡាករចំនួន ១០នាក់ ស្រី ០១នាក់
៣.ប្រទេសម៉ាឡេស៊ី មានប្រតិភូចំនួន ១៤នាក់ កីឡាករចំនួន ៤នាក់ ស្រី ០១នាក់
៤.ប្រទេសឥណ្ឌូនេស៊ី មានប្រតិភូចំនួន ៨នាក់ កីឡាករចំនួន ៦នាក់
៥.ប្រទេសហ្វីលីពីន មានប្រតិភូចំនួន ៧នាក់ កីឡាករចំនួន ៤នាក់។ គណៈកម្មការបច្ចេកទេសរៀបចំប្រកួតកីឡាម៉ូតូទឹកនៅខេត្តព្រះសីហនុ មានវិញ្ញាសាចំនួន ៦ រួម 1.RUNABOUT STOCK 2.SKI GP 3.SKI 1500 STOCK 4.SKI LITE 5.RUNABOUT 1100 STOCK 6.ENDURENCE RUNABOUT OPEN 1។
លទ្ធផលការប្រកួតកីឡាម៉ូតូទឹកលើវិញ្ញាសាចំនួន៦ កម្ពុជា ទទួលបានមេដាយមាស០១គ្រឿង ប្រាក់០១គ្រឿង និងសំរិទ្ធ០២គ្រឿង។